ដុសធ្មេញ​រាល់ថ្ងៃ ដឹងអត់ថា​គួរប្ដូរ​ច្រាសដុសធ្មេញនៅពេលណា?

  • ច័ន្ទ ២៩ មិថុនា, ២០២០ ១៥:៤២
ការ​ថែ​ទាំ​សុខភាព​មាត់​ធ្មេញ ជា​រឿង​សំខាន់​មួយ​ដែល​គ្នា​យើង​​គួរ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​ថា បើ​មិន​ដូច្នោះ​ទេ នឹង​អាច​ប្រឈម​ទៅ​នឹង​អាការៈ​ឈឺ​ធ្មេញ ឬ​ជំងឺ​មាត់​ធ្មេញ​មួយ​ចំនួន។ ជា​មួយ​គ្នា​នោះ ការ​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ ​​ជា​ចំណែក​មួយ​សំខាន់​នៃ​សុខភាព​មាត់​ធ្មេញ។ ដូច​នេះ សមាគម​ទន្តពេទ្យ​សហរដ្ឋអាមេរិក ក៏​បាន​​ណែ​នាំ​នូវ​​​របៀប​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ និង​វិធី​ទុក​ដាក់​​ច្រាស​ដុស​ធ្មេញ​​ត្រឹម​ត្រូវ ដើម្បី​សុខភាព​មាត់​ធ្មេញ​ល្អ​ប្រសើរ​ចៀស​​​ផុត​ពី​ជំងឺ​ផ្សេង​ៗ​ដូច​ខាង​ក្រោម​៖

១.ផ្លាស់​ប្តូរ​​ក្នុង​រយៈ​ពេល​៣-៤​ខែ​ម្តង

ក្រុម​គ្រូពេទ្យ​ធ្មេញ​​ បាន​ណែ​នាំ​ថា រយៈ​ពេល​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ​យ៉ាង​យូរ​​​ត្រឹម​បី ទៅ​បួន​ខែ គួរ​​ប្តូរ​​ចេញ​ទោះ​បី​ច្រាស​នៅ​​មាន​សភាព​​ល្អ​​ក៏​​ដោយ ព្រោះ​​ថា​​ច្រាស​​ដុស​ធ្មេញ​​ប្រើ​កាន់​​តែ​​យូរ​​ថ្ងៃ ប្រសិទ្ធភាព​របស់​​វា​កាន់​​តែ​​ថយ​​ទៅ​ៗ​តាម​ហ្នឹង​ដែរ​។ ម្យ៉ាង​ទៀត យើង​​ក៏​គួរ​​គប្បី​​ប្តូរ​ច្រាស​​​ថ្មី​​ផង​​ដែរ ករណី​​ដែល​​យើង​​មាន​​ជំងឺ​ក្អក​ ផ្តាសាយ​​​ជាប់​​យូរ ព្រោះ​​មេរោគ​​ពី​ជំងឺ​នោះ​ អាច​​តោង​​ជាប់​​សរសៃ​​ច្រាស​នាំ​ឱ្យ​​យើង​​កើត​​ជំងឺ​​ម្តង​​ទៀត​។​

២.ផ្លាស់​ប្តូរ​​​ពេល​សរសៃ​​ច្រាស​ដុស​ធ្មេញ​សឹក​រិច​រិល

ពេល​ខ្លះ​ ច្រាស​ដុស​ធ្មេញ​របស់​យើង​អាច​សឹក​រិច​រិល​​មុន​រយៈ​​ពេល​​នៃ​ការ​​ណែ​នាំ​​របស់​​ក្រុម​​ទន្ត​ពេទ្យ​ ពោល​​គឺ​​រយៈ​​ពេល​​បី​ខែ​។ ដូច្នេះ​ យើង​​ក៏​​គួរ​​ប្តូរ​​វា​ចេញ​ដែរ ​ព្រោះ​​ថា​​កន្លែង​​សឹក​រិច​រិល​​នោះ​ គឺ​​មិន​​អាច​​សម្អាត​​ដល់​​ធ្មេញ​​ឱ្យ​​​បាន​​ស្អាត​​ល្អ​​ឡើយ ​ហើយ​​ក៏​​ពុំ​​សូវ​​មាន​​ប្រសិទ្ធ​ភាព​​កម្ចាត់​​​បាក់​​តេរី​​បាន​​ល្អ​ទៅ​​តាម​​នោះ​​ដែរ​។នៅ​មុន​ពេល​ដុស​សម្អាត​ធ្មេញ ដើម្បី​ឱ្យ​ប្រាកដ​​ថា​ច្រាស​ដុស​ធ្មេញ​ពុំ​មាន​បាក់​តេរី យើង​គួរ​លាង​​សម្អាត​វា​​ឱ្យ​​បាន​​​ស្អាត​​​មុន​​​ប្រើ និង​​ក្រោយ​​ប្រើ​​រួច​គប្បី​​​​លាង​សម្អាត​​ច្រាស​​ដុស​ធ្មេញ​​​ផង​ដែរ​ និង​​​ទុក​ដាក់​កន្លែង​​មាន​​ខ្យល់​​ចេញ​ចូល​​ (ចៀស​វាង​​ទុក​​ក្នុង​ប្រអប់​​ ឬ​បំពង់​​បិទ​​ជិត​​)។ ធ្វើ​ដូច​នេះ​ វា​ជួយ​​ឱ្យ​សុខ​ភាព​មាត់​​ធ្មេញ​​​ចៀស​​ពី​បញ្ហា​​​​មួយ​​ចំនួន​​ដែល​​បង្ក​​ដោយ​​មេរោគ​​។ជាមួយ​គ្នា​នេះ​ យើង​គួរដុស​ធ្មេញ​ជា​ប្រចាំ​ ពី​ពីរ​​ទៅ​បី​ដង​ក្នុង​មួយ​​ថ្ងៃ​​ជា​មួយ​សរសៃ​ច្រាស​ទន់។ គួរ​​ជ្រើស​រើស​​ទំហំ និង​​ទ្រង់​ទ្រាយ​ច្រាស​​សម​​ល្មម​នឹង​មាត់របស់​យើង​ ដែល​អាច​សម្អាត​​សព្វ​​ទី​​កន្លែង​​ក្នុង​​មាត់​​បាន​៕​​ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet