ខ្លាំងបាត់! កូនស្រីអាយុ៦ឆ្នាំសោះ ទូរសព្ទទៅប៉ូលិសឲ្យនាំយកម្ដាយទៅដាក់ពន្ធនាគារ

  • ច័ន្ទ ២៩ មិថុនា, ២០២០ ១៦:៥៥
អង់គ្លេស៖ ថ្មីៗនេះ មានរឿងរ៉ាវនឹកស្មានមិនដល់មួយបានកើតឡើង ដោយមានក្មេងស្រីអាយុឆ្នាំម្នាក់ បានទូរសព្ទទៅកាន់លេខ ៩៩៩ ហើយប្ដឹងប៉ូលិសឲ្យមកយកម្ដាយរបស់នាងទៅដាក់ពន្ធនាគារ បន្ទាប់ពីពួកគេបានប្រឡែងលេងជាមួយគ្នា។បើតាមសម្ដីរបស់អ្នកស្រី Vicky Pitchford អាយុ២៩ឆ្នាំ ជនជាតិអង់គ្លេស និងត្រូវជាម្ដាយរបស់ក្មេងស្រីខាងលើឈ្មោះ Ruby បានឲ្យដឹងថា ដំបូងឡើយ អ្នកស្រីបានប្រឡែងលេងជាមួយនឹងកូនស្រីធម្មតាប៉ុណ្ណោះ។ បន្ទាប់មក កូនស្រីបានព្យាយាមវារចេញ ហើយឃើញដូច្នេះ អ្នកស្រីក៏បានចាប់ជើងរបស់កូនស្រី និងអូសឲ្យចូលមកក្បែរខ្លួនអ្នកស្រីវិញ។ក្រោយមក អ្នកស្រីបានឡើងទៅជាន់ខាងលើដើម្បីសម្អាតបន្ទប់គេង ហើយខណៈនោះ កូនស្រីក៏បានមកដល់បន្ទប់ដែរ និងនិយាយថា ប៉ូលិសបានទូរសព្ទមក។ តែយ៉ាងណាមិញ អ្នកស្រីមិនបានចាប់អារម្មណ៍ឡើយ។ រំពេចនោះ អ្នកស្រីបានឮសំឡេងមនុស្សប្រុសម្នាក់និយាយចេញពីទូរសព្ទថា ​​«សួស្ដី» ហើយអ្នកស្រីក៏ប្រញាប់ប្រញាល់ទាញទូរសព្ទពីដៃរបស់កូនស្រី និងពិនិត្យឃើញថា កូនស្រីពិតជាបានតេទៅប៉ូលិសពិតមែន។បន្ទាប់មក ប៉ូលិសបាននិយាយទៅកាន់អ្នកស្រីថា «កូនស្រីរបស់អ្នកស្រី បានប្រាប់ពួកយើងឲ្យទៅចាប់ខ្លួនអ្នកស្រី ដាក់ពន្ធនាគារ ដោយសារតែអ្នកស្រីបានចាប់ជើងរបស់គេ»។យ៉ាងណាមិញ អ្នកស្រី Vicky បានបញ្ជាក់ថា អ្នកស្រីតែងតែមានអារម្មណ៍ច្របូកច្របល់រាល់ពេលមានបញ្ហាអ្វីមួយកើតឡើង ដូចជាពិបាកដកដង្ហើមជាដើម ហេតុដូច្នេះហើយ ដែលអ្នកស្រីបង្រៀនកូនស្រីឲ្យចេះទូរសព្ទទៅកាន់លេខ ៩៩៩។ តែអ្នកស្រីនឹកស្មានមិនដល់ឡើយថា លើកនេះកូនស្រីឆ្លៀតឱកាសតេទៅកាន់លេខ ៩៩៩ បែបនេះ៕
Ruby និងម្ដាយ