កាន់តែតានតឹង! ឥណ្ឌាបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស ទៅក្បែរតំបន់ព្រំដែនជម្លោះជាមួយចិន

  • អង្គារ ៣០ មិថុនា, ២០២០ ០៩:១៦
ញូដេលី៖ ​ឥណ្ឌាបានបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ខ្លួន ទៅតំបន់ព្រំដែនជម្លោះជាមួយចិន នៅតាមជួរភ្នំហិមាល័យ ក្រោយមានការប៉ះទង្គិចគ្នា ដែលបណ្តាលឱ្យទាហានភាគីខាងឥណ្ឌាយ៉ាងហោចណាស់ ២០នាក់ ត្រូវស្លាប់បាត់បង់ជីវិត និងជាង ៧០នាក់ផ្សេងទៀតរងរបួស។
ឥណ្ឌាបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារAkash ទៅក្បែរតំបន់ព្រំដែនជម្លោះ
ខណៈពេលដែលស្ថានភាពតានតឹង ​ចេះតែបន្តកើតមានឡើង ប្រទេសចិននិងឥណ្ឌា បានបង្កើនវត្តមានកងទ័ពនៅតាមព្រំដែនរៀងៗខ្លួន ដោយមានទាំងការបន្ថែម ចំនួនយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ រថក្រោះ និងកាំភ្លើងធំធុនធ្ងន់ គោលបំណងការពារទឹកដី ដែលខ្លួនកំពុងកាន់កាប់។
ប្រព័ន្ធមីស៊ីលការពារដែនអាកាស Akash
អាជ្ញាធរឥណ្ឌាបាន​ឱ្យដឹងថា នៅក្នុង​ពេលប៉ះទង្គិចគ្នារវាងកងទ័ពចិន និងឥណ្ឌា កាលពីយប់ថ្ងៃចន្ទ ទី ១៥ ខែមិថុនា កន្លងទៅនេះ កងទ័ពប្រទេសទាំងពីរ គឺមិនបានប្រើប្រាស់កាំភ្លើង ឬ​អាវុធជាតិផ្ទុះណាមួយនោះទេ។ ប៉ុន្តែផ្ទុយទៅវិញពួកគេបានប្រយុទ្ធគ្នាដោយដៃ ដោយកប់ដុំថ្ម​ និងដំបង។
ទាហានចិនបានប្រើប្រាស់ដំបងដែកគោល ដើម្បីសម្លាប់ទាហានឥណ្ឌា
គួរជម្រាបផងដែរថា ភាពតានតឹងរវាងប្រទេសឥណ្ឌានិងចិន បានកើតឡើងជាថ្មីម្តងទៀត អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ បន្ទាប់ពីមន្ត្រី​ឥណ្ឌា​បានអះអាងថា ទាហាន​​​របស់​ចិន​បាន​លុកលុយ​ចូល​ដែន​ដី ​ដែលប្រទេស​ឥណ្ឌាកំពុងកាន់កាប់ ខណៈប្រទេសចិនបានប្រឆាំង​នឹង​ការ​ស្ថាបនា​ផ្លូវ​របស់​ឥណ្ឌា​នៅ​ក្នុង​តំបន់​ ដោយអះអាងថាតំបន់នោះ គឺជា​ដែនដី​របស់​ខ្លួន៕
ភាពតានតឹងបានកើនឡើង បន្ទាប់ពី​បានសាងសង់ផ្លូវមួយ​ នៅតំបន់ Ladakh