ផ្លូវការហើយ‌! Barca ទិញបានកីឡាកររូបនេះវិញក្រោយលក់ Arthur ឲ្យ Juventus

  • អង្គារ ៣០ មិថុនា, ២០២០ ០៩:៣៨
អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានឈានដល់កិច្ចសន្យានាំយក ខ្សែបម្រើឆ្នើម Miralem Pjanic ពីក្លិប Juventus ជាផ្លូវការហើយក្នុងតម្លៃខ្លួន៦៥លានអឺរ៉ូ​ (ឬប្រមាណជា៧៣លានដុល្លារ) អមជាមួយកិច្ចសន្យាចំនួន៤ឆ្នាំ ពោលគឺនឹងនៅលេងឲ្យក្លិបរហូតដល់បញ្ចប់រដូវកាល ២០២៣/២០២៤។
កីឡាករMiralem Pjanic
ក្លិបយក្សរបស់អេស៉្បាញមួយនេះក៏បានប្រកាសជាផ្លូវការថាបានឈានដល់កិច្ចសន្យាលក់កីឡាករ Arthur Melo ទៅឲ្យក្លិប Juventus ផងដែរនៅប៉ុន្មានម៉ោងមុនការប្រកាសទិញបានកីឡាករ Pjanic នោះ។ ជាមួយគ្នានេះក្លិបសេះបង្កង់ Juventus បានចុះកិច្ចសន្យាទិញយកកីឡាករ Arthur ពី Barca ក្នុងតម្លៃខ្លួន៧២លានអឺរ៉ូ (ឬប្រមាណ៨១លានដុល្លារ) ក្នុងកុងត្រារយៈពេល៥ឆ្នាំ។
កីឡាករArthur Melo
គួរបញ្ជាក់ដែរថាកីឡាករ Miralem Pjanic បានមកចូលរួមជាមួយក្លិប Juventus នៅក្នុងឆ្នាំ២០១៦ ដោយបង្ហាញខ្លួនឲ្យក្លិបបាន២១៤ប្រកួត ហើយបានឈ្នះពានរង្វាន់ធំៗជាមួយក្លិបជាច្រើនដូចជា ពានរង្វាន់ Serie A ចំនួន៣ដង ពាន Coppa Italia ចំនួន២ដង និងពាន Italia Super Cup ចំនួន១ដងផងដែរ។
ក្លិប Juventus លើកពាន Serie A របស់ពួកគេ
ចំណែកឯកីឡាករ Arthur Melo វិញមកចូលរួមជាមួយក្លិប Barcelona នៅក្នុងឆ្នាំ២០១៨ បង្ហាញខ្លួនឲ្យក្លិបមួយនេះបាន៧២ប្រកួត ដោយឈ្នះបានពាន La Liga មួយលើក និងពាន Spanish Super Cup មួយលើកជាមួយក្លិប៕
ក្លិប Barcelona លើកពាន La Liga របស់ពួកគេ