វីវរហើយ! អុីរ៉ង់ចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ ជុំវិញការស្លាប់របស់ឧត្តមសេនីយ៍ Qassem Soleimani កាលពីខែមករា

  • អង្គារ ៣០ មិថុនា, ២០២០ ១០:០៦
អុីរ៉ង់៖ ប្រទេសអុីរ៉ង់បានចេញដីកាចាប់ខ្លួន និងស្នើសុំស្ថាប័នប៉ូលិសអន្ដរជាតិ Interpol ឲ្យជួយ ដើម្បីចាប់ខ្លួនប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមនុស្សរាប់សិបនាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងការស្លាប់របស់មេទ័ពកំពូល លោក Qassem Soleimani នៅក្បែរអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងបាកដាដ ប្រទេសអុីរ៉ាក់។
លោកដូណាល់ ត្រាំ
ទីភ្នាក់ងារសារព័ត៌មានអុីរ៉ង់បានរាយការណ៍ថា ប្រមុខរដ្ឋអាជ្ញានៃទីក្រុងតេហេរ៉ង់លោក Ali Alqasimenhr បាននិយាយថា លោក ត្រាំ និងមនុស្សជាង៣០នាក់ផ្សេងទៀត ដែលអុីរ៉ង់ចោទប្រកាន់ចំពោះការស្លាប់របស់លោក Qassem Soleimani តាមរយៈការវាយប្រហារដោយយន្តហោះដ្រូន កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ត្រូវចោទប្រកាន់ពីបទមនុស្សឃាត និងភេរវកម្ម។
លោកQassem Soleimani
លោក Alqasimenhr មិនបានកំណត់អត្ដសញ្ញាណអ្នកណាផ្សេងក្រៅពីលោក ត្រាំ នោះទេ ប៉ុន្ដែលោកបានសង្កត់ធ្ងន់ថា អុីរ៉ង់នឹងបន្ដដាក់ទោសអ្នកដែលជាប់ពាក់ព័ន្ធក្នុងករណីនោះ។ បន្ថែមពីនេះ អុីរ៉ង់ក៏បានស្នើស្ថាប័នប៉ូលិសអន្ដរជាតិ Interpol ដែលមានមូលដ្ឋាននៅប្រទេសបារាំង ឲ្យចេញសេចក្ដីប្រកាស«ពណ៌ក្រហម» ដែលជាសំណើចាប់ខ្លួនកម្រិតខ្ពស់ ដើម្បីចាប់ខ្លួនលោក ត្រាំ និងមនុស្សផ្សេងទៀតផងដែរ។គួររម្លឹកដែរថា ការស្លាប់របស់កំពូលមេទ័ពរូបនោះ នាំឲ្យប្រទេសអុីរ៉ង់ផ្ទុះកំហឹងជាខ្លាំង រហូតបាញ់មីស៊ីលសងសឹកជាច្រើនគ្រាប់ទៅលើមូលដ្ឋានទ័ពអាកាសរបស់អាមេរិកចំនួនពីរកន្លែងនៅអុីរ៉ាប៊ីល ​និងអាល់អាសាដ​ នៃប្រទេសអុីរ៉ាក់ ហើយបណ្តាលឲ្យទាហានអាមេរិកមួយចំនួនរងរបួសទៀតផង៕
ពលរដ្ឋអុីរ៉ង់