ឥណ្ឌាដែលជាហ្វេនធំរបស់កម្មវិធី TikTok បានលេងធម៌ក្ដៅ ហាមឃាត់កម្មវិធីទូរសព្ទរបស់ចិនជាច្រើន

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបានហាមឃាត់ TikTok និងកម្មវិធីផលិតនៅប្រទេសចិនរាប់សិបទៀត ដោយបញ្ជាក់ថា វាមានគ្រោះថ្នាក់ដល់ប្រទេសរបស់ខ្លួន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបាននិយាយថា កម្មវិធីទាំងនេះគឺជាការរើសអើងអធិបតេយ្យភាពនិងបូរណភាពរបស់ប្រទេសឥណ្ឌា ការការពារប្រទេសឥណ្ឌា សន្តិសុខនៃរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ។ សរុបទៅមានកម្មវិធីចំនួន៥៩ ត្រូវបានហាមឃាត់ក្នុងចំណោមកម្មវិធីល្បីៗ ដូចជាកម្មវិធីផ្ញើសារ WeChat។
កម្មវិធីរបស់ចិនចំនួន៥៩ ត្រូវបានហាមឃាត់ក្នុងប្រទេសឥណ្ឌា
វាកើតឡើង បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើង នៅតាមព្រំដែនដែលមានជម្លោះរវាងមហាអំណាចទាំងពីរ។ ទាំងឥណ្ឌានិងចិនបានដាក់ពង្រាយកងទ័ពបន្ថែមទៀត ទៅកាន់តំបន់ Ladakh កាលពីខែមិថុនា។ ការប៉ះទង្គិចគ្នាបានធ្វើឲ្យទាហានឥណ្ឌា យ៉ាងតិច២០នាក់បានស្លាប់។ ក្រសួងព័ត៌មានបច្ចេកវិទ្យាឥណ្ឌាបាននិយាយថា ខ្លួនកំពុងហាមឃាត់កម្មវិធីចិនចំនួន៥៩ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងជាច្រើន ពីប្រភពផ្សេងៗគ្នា អំពីកម្មវិធីដែល «លួចបញ្ជូនទិន្នន័យរបស់អ្នកប្រើប្រាស់ ដោយគ្មានការអនុញ្ញាត»។ ឥណ្ឌាគឺជាទីផ្សារបរទេសធំបំផុតរបស់ TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណ១២០លាននាក់៕