អ្នកស្លាប់ក្នុងគ្រោះរអិលបាក់ដីនៅប្រទេសមីយ៉ាន់ម៉ា កើនឡើងដល់១១៣នាក់ ខណៈមនុស្សរាប់រយនាក់ផ្សេងទៀតសង្ស័យនៅជាប់ក្រោមគំនរ

  • ព្រហស្បតិ៍ ០២ កក្តដា, ២០២០ ១៥:៥៦
មីយ៉ាន់ម៉ា៖ យោងតាមក្រសួងព័ត៌មាននៃប្រទេសមីយ៉ាន់ម៉ា​បានឲ្យដឹងថា គ្រោះរអិលបាក់ដីដោយសារឥទ្ធិពលនៃខ្យល់មូសុង ដែលបង្កជាភ្លៀងធ្លាក់ នៅរដ្ឋកាឈិន(Kachin) បានឆក់យកជីវិតមនុស្សរហូតដល់ ១១៣នាក់ហើយនៅថ្ងៃព្រហស្បតិ៍នេះ ខណៈមនុស្សរាប់រយនាក់ផ្សេងទៀតសង្ស័យនៅជាប់ក្រោមគំនរ។បើតាមការចេញផ្សាយពីនាយកដ្ឋានពន្លត់អគ្គិភ័យបានឲ្យដឹងទៀតថា គ្រោះមហន្ដរាយនេះ បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅទីតាំងជីករ៉ែថ្មមួយកន្លែង ស្ថិតក្នុងភូមិ Sate Mu នៃតំបន់ Hpakant កាលពីវេលាម៉ោង៨:០០នាទីព្រឹក។ ជាមួយគ្នានេះ អាជ្ញាធរបានប្រាប់សារព័ត៌មានស៊ីនហួរថា អ្នកជីករ៉ែរាប់រយនាក់សង្ស័យថាកំពុងកប់ក្រោមគំនរនៃជ្រលងភ្នំដែលមានកម្ពស់ប្រហែល៣០៤ម៉ែត្រនេះ ព្រោះហេតុការណ៍បានកើតឡើងកំឡុងម៉ោងធ្វើការ ប៉ុន្ដែគេមិនទាន់ដឹងច្បាស់ពីចំនួនអ្នកស្លាប់ និងរបួសនៅឡើយ ខណៈក្រុមអ្នកជំនាញកំពុងជួយសង្គ្រោះប​ន្ដ។គួរឲ្យដឹងដែរថា គ្រោះរអិលបាក់ដីតែងតែកើតឡើងជាញឹកញាប់នៅទីតាំងរុករករ៉ែ ដែលស្ថិតក្នុងតំបន់ខាងលើ។ តួយ៉ាង គ្រោះរអិលបាក់ដីដ៏ធំមួយបានកើតឡើងក្នុងតំបន់នេះ កាលពីខែវិច្ឆកា ឆ្នាំ២០១៥កន្លងទៅ ដែលកាលនោះមានមនុស្សយ៉ាងហោចណាស់ ១១៦នាក់ស្លាប់បាត់បង់ជីវិតផងដែរ៕ប្រភព៖ សារព័ត៌មានស៊ីនហួរសូមទស្សនារូបភាពខាងក្រោម៖
ទីតាំងកើតហេតុ
ក្រុមសង្គ្រោះនៅទីតាំងកើតហេតុ
ក្រុមសង្គ្រោះនៅទីតាំងកើតហេតុ