អីយ៉ាស! Pirlo គ្រោងនឹងវិលត្រឡប់ទៅ Juventus វិញ នៅរដូវកាលក្រោយក្នុងតួនាទីជា…

  • ព្រហស្បតិ៍ ០២ កក្តដា, ២០២០ ១៦:៤១
អ៊ីតាលី៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អតីតខ្សែបម្រើជម្រើសជាតិអ៊ីតាលី លោក Andrea Pirlo គ្រោងនឹងវិលត្រឡប់ទៅក្លិបសេះបង្កង់ Juventus វិញ ដោយកាន់ការងារជាគ្រូបង្គោលក្រុមយុវជនអាយុក្រោម២៣ឆ្នាំ នៅរដូវកាលក្រោយ។
លោកAndrea Pirlo
វីរបុរសក្លិប Juventus រូបនេះ ទើបបញ្ចប់ថ្នាក់ សិក្សាបច្ចេកទេសផ្នែកគ្រូបង្វឹក នៅមជ្ឈមណ្ឌល Coverciano។ ទន្ទឹមនឹងនេះ បើតាមរបាយការណ៍របស់កាសែត Sky Sports Italia លោក Pirlo បានឈានដល់កិច្ចព្រមព្រៀងទៅដឹកនាំក្រុម Juventus B នៅរដូវកាល២០២០/២១ខាងមុខ។ក្រុម Juventus B ជាក្រុមដែលលេងក្នុងក្របខណ្ឌ Serie C ស្ថិតនៅលីគលំដាប់ទី៣របស់អ៊ីតាលី ហើយបច្ចុប្បន្នកំពុងដឹកនាំដោយអតីតកីឡាករឈុតធំក្រុម Juventus មួយរូបផងដែរ គឺលោក Fabio Pecchia
លោកFabio Pecchia
លោក Pecchia ធ្លាប់ជាជំនួយការគ្រូបង្វឹកនៅ Real Madrid និង Newcastle ហើយក្នុងរដូវកាលនេះ កាលពីពេលថ្មីៗលោកទើបដឹកនាំក្រុម Juventus អាយុក្រោម២៣ឆ្នាំ ឈ្នះពាន Coppa Italia Serie C។ដោយឡែកក្រឡេកទៅមើលលោក Pirlo វិញ វាហាក់ជារឿងគួរឲ្យភ្ញាក់ផ្អើលដែលលោកព្រមព្រៀងដឹកនាំក្រុមយុវជនរបស់ Juventus ដោយសារ កាលពីពេលកន្លងទៅ លោកធ្លាប់បញ្ជាក់កំឡុងការឡាយនៅលើ គណនី Instagram ថា គោលបំណងរបស់លោកគឺដឹកនាំក្រុមឈុតធំ។
លោកAndrea Pirlo
គួររម្លឹកផងដែរថា លោក Pirlo ធ្លាប់ចំណាយពេល៤ឆ្នាំលេងឲ្យក្រុម Juventus ចន្លោះពីឆ្នាំ២០១១ ដល់ ២០១៥។ ខណៈពេលនោះ គេជួយក្រុមលើកពាន Serie A បាន៤លើក។ ជាមួយគ្នានេះ បុរសវ័យ៤២ឆ្នាំ ក៏ជាវីរបុរសប្រចាំជម្រើសជាតិអ៊ីតាលីផងដែរ ដោយលោកធ្លាប់រួមចំណែកជួយក្រុមឈ្នះពាន World Cup ឆ្នាំ២០០៦៕