សម្តេចនាយករដ្ឋមន្រ្តី បញ្ជាអោយអាជ្ញាធរកាត់ឆ្វៀលដី​ជូន​ពល​រដ្ឋ ដែល​មករស់នៅ​តំបន់​អភិរក្ស​មួយ​ចំនួន​

  • សុក្រ ០៣ កក្តដា, ២០២០ ១៥:៣៧
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី ៣ កក្កដា ២០២០នេះ បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវតែកាត់ឆ្វៀលដីជូនពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជា​គម្រប​ព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម…ដែលមាន​ពលរដ្ឋ​បានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។តាមការបញ្ជាក់ពីសម្តេចនាយករដ្ឋមន្ត្រី៖ «កន្លងមករដ្ឋមានតែដីក្នុងផែនទីទេ តាមពិតពលរដ្ឋបាន​កសាងលំនៅ​ដ្ឋាន​រស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ»។ សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ សម្តេចថា៖ «កុំទុកប្រជាពលរដ្ឋ​អោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំអោយពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមន៍ខ្លះនៅជិតៗ ដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ»។ជាការកត់សម្គាល់ សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ថន់ថា៖ «ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយអោយដាច់ស្រេច ក្នុងតែប៉ុន្មានខែខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះ​ត្រូវធ្វើ​អោយបានហ្មត់ចត់ និងត្រឹមត្រូវបំផុត»៕