កាន់តែច្រើនហើយ! អ្នកស្លាប់ដោយសារ COVID-19 ទូទាំងពិភពលោកកើនឡើងដល់៧០ម៉ឺននាក់ ដែលគិតជាមធ្យម ១៥វិនាទីស្លាប់ម្នាក់

  • ពុធ ០៥ សីហា, ២០២០ ១៤:៣៦
បរទេស៖ គិតត្រឹមថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ទូទាំងពិភពលោកបានកើនឡើងដល់ជាង៧០០,០០០នាក់ហើយ ដោយសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងមុិកសុិក ស្លាប់ច្រើនជាងគេ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA ។ដោយឡែក យោងតាមការគណនារបស់ រ៉យទ័រ ដោយផ្អែកលើទិន្នន័យកាលពីសប្ដាហ៍មុនបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ជិត៥,៩០០នាក់ បានស្លាប់​រៀងរាល់២៤ម៉ោងម្ដង ដែលក្នុងម៉ោងស្មើនឹង២៤៧នាក់ ឬ ជាមធ្យមក្នុងរយៈពេល១៥វិនាទីស្លាប់ម្នាក់។ គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះអាមេរិកឡាទីន គឺជាតំបន់មួយដែលរងគ្រោះខ្លាំងជាងគេ ទោះបីជំងឺកូវីដ-១៩ ហាក់ជ្រៀតចូលក្នុងទ្វីបនេះយឺតយ៉ាវបន្ដិចក៏ដោយ។ ហើយដោយឡែក ចំពោះតំបន់អាស៊ីវិញ ឥណ្ឌាគឺជាប្រទេសដែលរងគ្រោះខ្លាំងបំផុត ដោយមនុស្សប្រមាណ ៥៥,០០០នាក់បានបាត់បង់ជីវិត និងមនុស្សជិតលាននាក់បានឆ្លងជំងឺកាចសាហាវនេះ។យ៉ាងណាមិញ បើយោងតាមគេហទំព័រ Worldometer គិតត្រឹមរសៀលថ្ងៃពុធនេះ បានបង្ហាញថា ករណីឆ្លងកូវីដ-១៩ ទូទាំងពិភពលោកបានបន្ដកើនដល់ ១៨,៧០៩,១៦១នាក់ ដោយក្នុងនោះស្លាប់ចំនួន ៧០៤,៤៣៨នាក់ និងជាសះស្បើយចំនួន ១១,៩២៦,២២៤នាក់៕សូមទស្សនារូបភាពខាងក្រោម៖
អ្នកស្លាប់ដោយសារកូវីដ-១៩
ការបញ្ចុះសព
ការបញ្ចុះសព
ទីបញ្ចុះសព