កម្រជួប! រកឃើញកាឡាក់ស៊ីមួយ មានលក្ខណៈដូចមីលគីវ៉េដែរ

ឈីលី៖ កាឡាក់ស៊ីមីលគីវ៉េរបស់យើងមានរាងស្រដៀងនឹងកាឡាក់ស៊ីនៅដំណាក់កាលកំណើតដំបូងរបស់ចក្រវាល។ ក្រុមតារាវិទូបានប្រើតេឡេទស្សន៍ ALMA ដែលមានមូលដ្ឋាននៅប្រទេសឈីលី ដើម្បីស្វែងរកកាឡាក់ស៊ីដែលមានចម្ងាយជាង១២ប៊ីលានឆ្នាំពន្លឺពីយើង។ នោះមានន័យថា ពន្លឺចេញពីកាឡាក់ស៊ីមួយនេះបានធ្វើដំណើររយៈពេល១២ប៊ីលានឆ្នាំរួចមកហើយ ទើបមកដល់កាឡាក់ស៊ីយើង ដូច្នេះយើងកំពុងមើលឃើញកាឡាក់ស៊ីមួយ នៅពេលចក្រវាលមានអាយុត្រឹម១.៤ប៊ីលានឆ្នាំ។
រូបភាពថតដោយតេឡេទស្សន៍ ពីចម្ងាយ
រូបភាពពីតេឡេទស្សន៍នៃកាឡាក់ស៊ីមួយនេះ រួមជាមួយការសិក្សាបន្ថែម ត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ នៅក្នុងទិនានុប្បវត្តិ Nature។ ក្នុងកំឡុងពេលចលាចលឆ្នាំដំបូងរបស់សកលលោក កាឡាក់ស៊ីនានាទំនងជាមិនស្ថិតស្ថេរ ខណៈពួកវាបានកកើតឡើង ដោយពុំទាន់មានរចនាសម្ព័ន្ធច្បាស់លាស់ជាមួយកាឡាក់ស៊ីចាស់ៗ ដូចជាមីលគីវ៉េជាដើម។ ប៉ុន្តែរូបភាពនៃកាឡាក់ស៊ីមួយនេះអាចនឹងផ្លាស់ប្ដូរជំនឿរបស់អ្នកវិទ្យាសាស្ត្រកាលពីមុន អំពីកំណើតរបស់កាឡាក់ស៊ី នៅដំណាក់កាលដំបូងរបស់សកលលោក។
រូបភាពកាឡាក់ស៊ីស្រដៀងមីលគីវ៉េ
កាឡាក់ស៊ីមួយនេះត្រូវបានគេដាក់ឈ្មោះឲ្យថា SPT0418-47 ហើយវាមានលក្ខ័ណសញ្ញា​ចំនួនពីរដូចកាឡាក់ស៊ីរបស់យើង រួមមានរាងដូចឌីសវិល និងកំពកឬក្រុមផ្កាយធំៗបានព័ន្ធជុំវិញកណ្ដាលនៃកាឡាក់ស៊ី។ ដុំកំពកនៃផ្កាយទាំងនេះមិនធ្លាប់បានរកឃើញ នៅក្នុងប្រវត្តិរបស់សកលលោកឡើយ។ ការសិក្សាអំពីកាឡាក់ស៊ីមួយនេះអាចឲ្យតារាវិទូ ធ្វើដំណើរទៅកាន់អតីតកាល នៅពេលដែលសកលមានអាយុត្រឹមតែ១០ភាគរយនៃយុគសម័យបច្ចុប្បន្ន៕