ពេលខ្លះអស់កម្លាំង តែមិនឃ្លានអីសោះ អាចមកពីបញ្ហាសុខភាពទាំងនេះ

  • ព្រហស្បតិ៍ ១៣ សីហា, ២០២០ ១៤:៤៣
អាការៈ​មិនឃ្លានអាហារ និង​អស់​កម្លាំង​អាច​ជា​រោគសញ្ញា​ដែល​តែង​កើត​មាន​ជាមួយ​គ្នា។ ភាគច្រើន​ការមិនឃ្លានអាហារ និង​អស់​កម្លាំង​អាច​បង្ក​ដោយជំងឺ​តូច​តាច ឬ​មកពី​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ការ​ញ៉ាំ ឬ​ការ​គេង​ជាដើម។ ប៉ុន្តែ​ប្រសិនជា​យើង​បន្ត​មាន​អាការៈ​​នេះ​​មិន​​បាត់ នេះ​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ផ្សេងៗ។

១. ជំងឺ​ផ្ដាសាយ

នៅ​ពេល​យើង​មាន​ជំងឺ​ផ្ដាសាយ យើង​តែង​មាន​អារម្មណ៍​ខ្សោយ ឬ​អស់​កម្លាំង​ដែល​នេះ​មក​ពី​រាងកាយ​របស់​យើង​ប្រឆាំង​នឹង​មេរោគ។ យើង​ក៏​អាច​មិន​ឃ្លានដោយសារ​អាការៈ​ចង្អោរ ឬមិន​ស្រួល​ខ្លួន​។

២. មេរោគ​ក្នុង​ក្រពះ​ពោះវៀន

វីរុស​ប្រភេទ​ខ្លះ​អាច​បង្ក​ការ​រលាក​ក្នុង​ក្រពះ​ពោះវៀន។ ភាគច្រើន​នៃ​អាការៈ​​នេះ​បង្ក​ដោយ​ការ​ឆ្លង​វីរុស norovirus។ គ្នាយើង​ដែល​ឆ្លង​វីរុស​នេះ​អាច​មាន​អាការៈ​អស់កម្លាំង និងអត់​ឃ្លាន​​អាហារ​រួមទាំង​អាការៈ​ផ្សេង​ទៀត​ដូចជា​ក្អួត ចង្អោរ គ្រុនក្ដៅ និង​ឈឺក្បាល។ ជាទូទៅ​បើការ​ឆ្លង​​វីរុស norovirus នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​១ទៅ៣​ថ្ងៃ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នោះ​​យក​​ល្អ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ចៀសវាង​ការ​បាត់បង់​ជាតិ​ទឹក។

៣. អាលែកហ្សី

យោង​តាម​មហាវិទ្យាល័យ​ផ្នែក​អាលែកហ្សី ជំងឺ​ហឺត និង​ប្រព័ន្ធ​ភាព​ស៊ាំ​សហរដ្ឋ​អាមេរិក អាការៈ​អស់​កម្លាំង​តែង​កើត​មាន​លើ​អ្នក​​មាន​បញ្ហា​អាលែកហ្សី។ រោគសញ្ញា​នៃ​អាការៈ​អាលែកហ្សី​តាម​រដូវ​មាន​ដូចជា​តឹង​ច្រមុះ​ ដែល​អាច​ប៉ះពាល់​ដល់​ការ​គេង និង​អស់កម្លាំង​ពេញ​មួយ​ថ្ងៃ។ អាលែកហ្សី​អាច​បង្ក​ឲ្យ​មាន​សម្បោរ​ច្រើន​ ហើយ​ការ​លេប​សម្បោរ​ពី​ច្រមុះ​អាច​បណ្ដាល​ឲ្យ​យើង​ចង្អោរ និង​អត់​ឃ្លាន​អាហារ។ សម្រាប់​គ្នាយើង​ដែល​មាន​អាការៈ​អស់​កម្លាំង ឬ​អត់​ឃ្លាន​អាហារ​បង្ក​ដោយ​អាលែកហ្សី​ ឬ​ការ​ប្រើ​ថ្នាំ​អាលែកហ្សី​​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤. អាការៈ​មុន​មក​រដូវ

អាការៈ​មុន​មករដូវ​តែង​កើត​មាន​មុន​មាន​រដូវ ​១-២​សប្ដាហ៍។ រោគសញ្ញា​នៃ​អាការៈ​មាន​ភាព​ខុស​គ្នា​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ដែល​គ្នាយើង​មួយ​ចំនួន​អាច​នឹង​មាន​អាការៈ​អស់​កម្លាំង និង​អត់ឃ្លាន​អាហារ។ រោគសញ្ញា​ផ្សេង​ទៀត​រួម​មាន​ហើម​ពោះ ឈឺពោះ ទល់លាមក រាករូស ឈឺខ្នង ឈឺក្បាល អារម្មណ៍​ឡើង​ចុះ និង​គេង​មិន​លក់​ជាដើម។ ប្រសិនជា​រោគសញ្ញា​ទាំង​នេះ​អាច​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​ យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៥. ជំងឺ​បាក់ទឹកចិត្ត

ជំងឺ​បាក់ទឹកចិត្ត​គឺជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​អាច​បង្ក​ឲ្យ​មាន​អាការៈ អស់កម្លាំង និង​មិន​ឃ្លានអាហារ​​។ ក្រៅ​​ពី​នេះ​ក៏​មាន​រោគសញ្ញា​ផ្សេង​ទៀត​ដូចជា​ពិបាក​ចិត្ត អស់​សង្ឃឹម ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍ ស្រក ឬ​ឡើង​ទម្ងន់ លែង​ចង់​ធ្វើអ្វី​ដែល​ខ្លួនចូលចិត្ត និង​មាន​ការ​ឈឺចាប់​។

៦. មាន​ផ្ទៃពោះ

អំឡុង​ពេល​មាន​ផ្ទៃពោះ ការ​ប្រែប្រួល​អ័រម៉ូន​នឹង​កើត​មាន​ហើយ​បង្ក​ឲ្យ​អស់កម្លាំង និងអត់ឃ្លាន ជាពិសេស​នៅ​អំឡុង​ពេល​ប៉ុន្មាន​​សប្ដាហ៍​ដំបូង។ រោគសញ្ញា​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ផ្សេងទៀត​​រួមមាន​បាត់​រដូវ ឈឺចាប់​នៅ​សុដន់ ហើមពោះ និង​អារម្មណ៍​ឡើង​ចុះ។គួរ​បញ្ជាក់​​​ថា អាការៈ​អស់កម្លាំង និង​បាត់បង់​ចំណង់​អាហារ​រយៈពេល​ខ្លី​គឺ​មិន​បង្ក​ជា​បញ្ហា​អ្វី​ទេ ប៉ុន្តែ​ប្រសិនជា​យើង ឬ​កូន​តូច​មាន​អាការៈ​បែប​នេះ​ជាប់ជាប្រចាំ​​ យកល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​មូលហេតុ និង​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet