Juventus ដាក់កីឡាករ៣រូបឲ្យ Arsenal រើស ដើម្បីដោះដូរយកសំណព្វចិត្តលោក Arteta ម្នាក់នេះ

  • ព្រហស្បតិ៍ ១៣ សីហា, ២០២០ ១៥:៣៩
បរទេស៖ ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍មកថា មានចំណាប់អារម្មណ៍ ក្នុងការចុះកិច្ចសន្យាយកខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ​ Arsenal កីឡាករ Alexandre Lacazette នៅរដូវក្ដៅនេះ ដោយគ្រោងដាក់សំណើដោះដូរកីឡាករ បូកថែមលុយជាថ្នូរ។
កីឡាករAlexandre Lacazette
Lacazette ហាក់លេចធ្លោក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Mikel Arteta ខណៈរូបគេនៅសល់កុងត្រា២ឆ្នាំទៀត នៅទឹកដី Emirates ដូច្នេះមានន័យថា ជើងស៊ុតសញ្ជាតិបារាំងជាកីឡាករតែម្នាក់គត់ ដែលអាចឲ្យ Arsenal ទទួលបានប្រាក់កម្រៃច្រើន ប្រសិនបើលក់រូបគេចេញនៅទីផ្សាររដូវក្ដៅនេះ។
កីឡាករAlexandre Lacazette
ជាមួយគ្នានេះ លោក Arteta ក៏ត្រូវបានថ្នាក់ដឹកនាំក្លិបប្រាប់ឲ្យ រៀបចំកាត់បន្ថយការចំណាយប្រាក់ពលកម្មទៅលើកីឡាករនៅរដូវក្ដៅនេះ ក្នុងនោះដែរ Lacazette អាចនឹងជាកីឡាករម្នាក់ ដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ត្រូវពិចារណាវ៉ៃចេញ ព្រោះរូបគេ ស្ថិតក្នុងចំណោមកីឡាករដែលទទួលបានប្រាក់ពលកម្មខ្ពស់ប្រចាំក្រុម ពោលគឺទទួលបាន១៨ម៉ឺនផោន (ឬប្រមាណ២៣ម៉ឺនដុល្លារ)​ ក្នុង១សប្ដាហ៍។
កីឡាករAlexandre Lacazette
យ៉ាងណាមិញ យោងតា​មការចុះផ្សាយរបស់កាសែត The Athletic ក្លិប Juventus បានត្រៀមរួចរាល់ក្នុងការចូលចែចូវយក Lacazette ក្នុងនោះពួកគេ ក៏ត្រៀមដាក់កីឡាករ៣រូប ដើម្បីឲ្យ Arsenal ជ្រើរើសជាថ្នូរដោះដូរ រួមមាន Gonzalo Higuain, Douglas Costa និង Cristian Romero ព្រមទាំងបូកបន្ថែមជាមួយនឹងលុយមួយចំនួនផងដែរ។
Higuain, Costa និងRomero
គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ​ ត្រូវបាន Arsenal ទិញពីក្រុម Lyon មក ក្នុងតម្លៃ៥៣លានអឺរ៉ូ កាលពីឆ្នាំ២០១៧។ ដោយឡែកក្នុងរដូវកាលនេះ គេបង្ហាញខ្លួនក្នុងក្រុមលោក Arteta បានចំនួន៣០ប្រកួត ស៊ុតបញ្ចូលទីបាន១០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៦ដង៕