ចិត្តម្ដាយ! តែងនិយាយសរសើរអ្នកដទៃនៅនឹងមុខយើង ហើយតែងតែសរសើរយើង នៅនឹងមុខអ្នកដទៃ

ជាការពិតរបស់ម្ដាយ ស្ទើរតែ៩០%ហើយ ដែលចូលចិត្តសរសើរអ្នកដទៃនៅនឹងមុខកូនខ្លួនឯង ចូលចិត្តប្រៀបធៀបកូនខ្លួន ជាមួយនឹងកូនអ្នកដទៃ ហើយក៏តែងតែនិយាយយា "កូនគេអ៊ីចេះ កូនគេអ៊ីចុះ​ /​ កូនគេល្អចេះ កូនគេល្អចុះ ..." ហើយឱ្យយើងមើលកូនគេ ចង់ឱ្យយើងហ្នឹង ធ្វើដូចកូនគេ គាត់មើលឃើញ និងលើកយកតែចំណុចល្អៗរបស់គេមកនិយាយឱ្យយើងស្ដាប់ ដើម្បីឱ្យយើងចេះយកមកពិចារណា។ តែការពិត ក្នុងចិត្តគាត់ មិនមែនថា មិនឃើញយើងល្អទេ តែគាត់ចង់ឱ្យកូនរបស់គាត់ យកគម្រូល្អៗរបស់អ្នកផ្សេង ដើម្បីមករៀនសូត្រតាម។
រូបតំណាង
តែជាក់ស្ដែងណាស់ថា ក្នុងនាមជាកូន ប្រាកដជាមិនពេញចិត្ត មិនចូលចិត្តដែលម្ដាយតែងតែលើកសរសើរកូនគេ ហើយមកស្ដីបន្ទោសឱ្យយើង ហើយក៏គិតថា ហេតុអ្វីចាំបាច់យកមកប្រៀបធៀបគ្នា បើមនុស្សមិនដូចគ្នាផងនោះ ...​ ពេលខ្លះ យើងថែមទាំងខឹង អន់ចិត្ត អ្នកខ្លះជ្រុលជ្រួសដល់ថ្នាក់ស្អប់មិនគិតមុខក្រោយថែមទៀត។

ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេថា នៅនឹងមុខយើង ដ្បិតម្ដាយយើងចេះតែសរសើរពីអ្នកដទៃ ហើយស្ដីបន្ទោសឱ្យយើងក៏ពិតមែន តែចំពោះមុខអញអ្នកផ្សេងវិញ គាត់មិនដែលបន្ទោស បង្អាប់​យើងទេ គាត់តែងតែលើកយករឿងល្អៗ ដែលយើងធ្វើឱ្យគាត់មានមោទកភាព យកទៅអួតប្រាប់អ្នកដទៃ គាត់និយាយអួតពីយើងល្អអ៊ីចេះ ល្អអ៊ីចុះ ដែលយើងមិនធ្លាប់ដឹងថា ការពិត គាត់ស្រឡាញ់យើង ឱ្យតម្លៃយើង និងមោទកភាពចំពោះយើងខ្លាំងបំផុត ជាពិសេសនោះគឺ យើងប្រៀបបានគ្រាប់ពេជ្រដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាននៅក្នុងជីវិតរបស់គាត់។ មិនថាយើងខុសបែបណា ធ្លាប់អាក្រក់យ៉ាងណា ក៏គាត់មិនដែលនិយាយពីយើងប្រាប់គេទេ ​សម្ដីដែលចេញពីមាត់គាត់ ដែលគាត់និយាយពីយើងទៅប្រាប់អ្នកដទៃ គឺមានតែគុណតម្លៃ និងសេចក្ដីល្អតែប៉ុណ្ណោះ។
រូបតំណាង

ចំណុចល្អទាំងអស់របស់យើង គាត់មិនដែលនិយាយនៅចំពោះមុខយើងឡើយ ហើយពេលខ្លះ រឿងខ្លះ គាត់ក៏មិនចូលចិត្តសរសើរយើង ឱ្យយើងបានដឹងដែរ ព្រោះគាត់មិនចង់ឱ្យយើងបានចិត្ត មិនចង់ឱ្យយើងមានអំនួតលើខ្លួនឯង។ ហើយការដែលគាត់តែងតែសរសើរពីគេប្រាប់យើង ដើម្បីឱ្យយើងនេះ ចេះមើលគេឯង អ្វីដែលល្អៗ ក៏យកតម្រាប់តាមគេ អ្វីដែលមិនល្អ គាត់ក៏ប្រដៅឱ្យយើងបានដឹង និងឃើញ គាត់ចង់ឱ្យកូនចេះគិត ពិចារណា ដឹងល្អ អាក្រក់ ខុសត្រូវ និងការកែតម្រូវ ឱ្យកាន់តែល្អប្រសើរឡើង៕
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ