ផ្អើលទៀតហើយ!​ Mbappe បានស្នើសុំចាកចេញពី PSG ដោយកំពុងចាប់អារម្មណ៍ក្លិបយក្សនៅ Premier League ទាំងនេះ

  • ច័ន្ទ ១៤ កញ្ញា, ២០២០ ០៩:៤៨
បរទេស៖ បើតាមកាសែត The Times​ បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បានប្រាប់ទៅថ្នាក់ដឹកនាំក្លិប Paris Saint-Germain ថារូបគេមានបំណងចង់ចេញពីក្លិបនៅបញ្ចប់រដូវកាល២០២០/២១នេះហើយ ដោយកំពុងចាប់អារម្មណ៍ចង់ផ្លាស់ទៅលេងនៅ Premier League វិញ។ 
កីឡាករ Kylian Mbappe
ចាប់តាំងពីផ្លាស់ចេញពីក្លិប Monaco មករួមជាមួយក្លិប PSG ក្នុងឆ្នាំ២០១៨មក កីឡាករវ័យ២១ឆ្នាំរូបនេះបានវិវត្តខ្លួនជាខ្សែប្រយុទ្ធកំពូលម្នាក់ប្រចាំទ្វីបអឺរ៉ុប។ ក្នុងនោះដែររូបគេរកបាន៩០គ្រាប់ និងបោះបាល់ឲ្យដៃគូបញ្ចប់ទីបាន៥១លើកក្នុងការបង្ហាញខ្លួនសរុប១២៤ប្រកួតឲ្យក្លិបបារាំងមួយនេះ។
កីឡាករ Kylian Mbappe
ជាក់ស្តែង Mbappe កំពុងមានចំណាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងនៅ Premier League ពោលរូបគេពេញចិត្តនឹងចូលរួមជាមួយក្លិបហង្សក្រហម Liverpool ជាយូរណាស់មកហើយ។ មិនត្រឹមតែប៉ុណ្ណោះក៏មានព័ត៌មានលេចឮថាក្លិប Manchester United ក៏អាចមានភាគរយខ្ពស់ក្នុងការទាក់ទាញរូបគេមករួមក្រុមផងដែរ ប៉ុន្តែលុះត្រាតែក្លិបលោក Solskjaer មួយនេះសម្រេចចិត្តបោះបង់គោលដៅធំម្នាក់ គឺកីឡាករ Jadon Sancho របស់ក្លិប Borussia Dortmund
កីឡាករ Kylian Mbappe
ក្រៅពីនេះក៏នៅមានក្លិបយក្សអេស៉្បាញពីរទៀតចង់បានរូបគេទៅរួមក្រុមផងដែរគឺក្លិប Real Madrid និង Barcelona ។ ដោយសារតែជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនៅរដូវកាលនេះ ក្លិប Real Madrid អាចនឹងមានគម្រោងជះលុយធំនៅរដូវកាលក្រោយ ប្រសិនបើប្រមូលទុនបានច្រើនវិញនោះ។ រីឯ Barcelona វិញគ្រោងនឹងយកកីឡាកររូបនេះមកជំនួសតំណែងកីឡាករ Lionel Messi ដែលចង់ចាកចេញពីក្លិបនៅរដូវកាលក្រោយ៕
កីឡាករ Kylian Mbappe