តោះមកដឹងការពិតទាក់ទងនឹងព្រឹត្តិការណ៍ ថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ក្នុងឆ្នាំ២០២០នេះ

បរទេស៖ ព្រឹតិ្តការណ៍សមរាត្រីកើតឡើងពីរដងក្នុងមួយឆ្នាំ នៅពេលទីតាំងរបស់ព្រះអាទិត្យស្ថិតនៅចំពីខាងលើខ្សែអេក្វាទ័ររបស់ផែនដី ហើយពេលនោះហើយដែលរយៈពេលថ្ងៃនិងយប់ស្មើគ្នា។ សម្រាប់នៅក្នុងឆ្នាំ២០២០នេះ ព្រឹត្តិការណ៍សមរាត្រីលើកទី១ដែលកន្លងផុតហើយ បានកើតឡើងនៅថ្ងៃសុក្រ ទី២០ ខែមីនា ហើយវាត្រូវបានគេគិតថា ចាប់ផ្ដើមរាប់នៅម៉ោង ១០:៤៩នាទីព្រឹក ក្នុងប្រទេសកម្ពុជា។ ចំណែកលើកទី២នឹងកើតឡើងនៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ហើយព្រឹត្តិការណ៍នេះនឹងត្រូវចាប់ផ្ដើមរាប់ក្នុងប្រទេសកម្ពុជា នៅម៉ោង ៨:៣០នាទីយប់។
នៅថ្ងៃសមរាត្រី ពេលថ្ងៃនិងយប់មានរយៈពេល១២ម៉ោងដូចគ្នា ឬក៏ប្រហាក់ប្រហែលគ្នា
ជាការពិតណាស់ ព្រឹត្តិការណ៍សមរាត្រីលើកទី១កើតឡើង នៅលើអឌ្ឍគោលខាងជើង នៅក្នុងចន្លោះថ្ងៃទី១៩, ២០ ឬក៏២១ ខែមីនា។ ចំណែកព្រឹត្តិការណ៍សមរាត្រីលើកទី២វិញ នៅលើអឌ្ឍគោលខាងជើង អាចនឹងកើតឡើងនៅក្នុងចន្លោះថ្ងៃទី២២ ឬក៏២៣ ខែកញ្ញា។ ព្រឹត្តិការណ៍សមរាត្រីនេះដែលកើតឡើងពីរដងក្នុងមួយឆ្នាំ នឹងធ្វើឲ្យផ្នែកទាំងអស់នៅលើផែនដី មានរយៈពេលថ្ងៃនិងយប់ស្មើៗគ្នា។ យ៉ាងណាមិញ ព្រឹត្តិការណ៍សមរាត្រីមានលក្ខណៈខុសពីព្រឹត្តិការណ៍មួយទៀត គឺសុលស្ទីស ដែលវាកើតឡើងនៅពេលព្រះអាទិត្យខិតទៅរកទីតាំងអឌ្ឍគោលជើង ឬខិតទៅរកទីតាំងអឌ្ឍគោលខាងត្បូងនៃផែនដី។ សុលស្ទីសកើតឡើងពីរដងក្នុងមួយឆ្នាំដូចគ្នា គឺនៅក្នុងខែមិថុនា និងខែធ្នូ៕