អស់ល្អនឹងគ្នាបាត់! Barca ព្រមានឲ្យខ្សែប្រយុទ្ធម្នាក់នេះ អង្គុយកៅអីបម្រុងពេញ១រដូវកាល ប្រសិនបើរូបគេមិនព្រមចាកចេញ

  • អង្គារ ១៥ កញ្ញា, ២០២០ ១៣:០៤
អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្សែប្រយុទ្ធ Luis Suarez អាចនឹងទទួលបានវាសនា ដូច Gareth Bale នៅ Real Madrid ដោយត្រូវមានឈ្មោះបានត្រឹមអង្គុយកៅអីបម្រុងពេញ១រដូវកាល ប្រសិនបើរូបគេបដិសេធមិនព្រមចាកចេញពី ​Barcelona នារដូវក្ដៅនេះ។
កីឡាករ Luis Suarez
ជើងស៊ុតជម្រើសជាតិអ៊ុយរ៉ាហ្កាយ មិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់គ្រូ Barca ថ្មីលោក Ronald Koeman នោះទេ ដោយរូបគេត្រូវបានគ្រូបង្វឹកសញ្ជាតិហូឡង់ប្រាប់ឲ្យស្វែងរកទ្រនំថ្មីនៅរដូវក្ដៅនេះ។
លោកRonald Koeman
ជាមួយគ្នានេះ បើតាមកាសែតអេស្ប៉ាញ Sports បានឲ្យដឹងថា ប្រសិនការផ្ទេរទៅ Juventus បរាជ័យ នោះ Suarez នឹងមានវាសនា ដូចទៅនឹង Bale នៅ Real Madrid អ៊ីចឹងដែរ។Bale ត្រូវបានលោក Zinedine Zidane ផ្ដល់ឱកាសឲ្យចូលលេងបានត្រឹម ២០ប្រកួតប៉ុណ្ណោះ កាលពីរដូវកាលមុន ដោយសារតែ Real Madrid ចង់ឲ្យរូបគេចាកចេញ ព្រោះមិនចង់ចំណាយច្រើន ទៅលើប្រាក់ពលកម្មដ៏ខ្ពស់របស់ជម្រើសជាតិវែលស៍រូបនេះបន្តទៀត។
កីឡាករGareth Bale
ដោយឡែក សម្រាប់ Suarez វិញ ប្រភពដដែលបានបន្ថែមថា បានទាមទារឲ្យ Barca បង់ថ្លៃកុងត្រាដែលនៅសេសសល់រយៈពេល១ឆ្នាំទៀតរបស់គេ ប៉ុន្តែក្លិបយក្សតំបន់កាតាឡាន់​មិនព្រម។គួររម្លឹកដែរថា Suarez បានចំណាយពេល៦ឆ្នាំហើយនៅទឹកដី Camp Nou ក្នុងនោះគេរកបាន១៩៨គ្រាប់ឲ្យ Barca ជាប់ឈ្មោះជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេ លំដាប់ទី៣ប្រចាំប្រត្តិសាស្ត្រក្លិប៕
កីឡាករ Luis Suarez