ទិន្ន​ន័យ​ផ្ទាល់ខ្លួន​របស់​អតិថិជន​ជាង​ ១០​ម៉ឺន​នាក់​​ ត្រូវ​បាន​​​បែក​​​ធ្លាយ​​​​ពី​​ក្រុម​ហ៊ុន​ផលិត​កុំព្យូទ័រ​ហ្គេម​ដ៏​ល្បី​មួយ

ព័ត៌មានឯកជនភាពនៅតែជារឿងសំខាន់សម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា។ ជាមួយគ្នានេះដែរ ការអភិវឌ្ឍនៃបច្ចេកវិទ្យា​ក៏បានពង្រឹងផ្នែកសន្តិសុខចំពោះបញ្ហានេះដែរ ប៉ុន្តែនៅពេលខ្លះក៏អាចនៅតែមានកំហុសឆ្គងនៅក្នុងប្រព័ន្ធសុវត្ថិភាព ដែលអាចឱ្យ ជនអនាមិកបើកការវាយប្រហារទាញយកទិន្នន័យ ឬពេលខ្លះទៀតទិន្នន័យត្រូវបានទុកជាចំហរ​ដោយ​ពុំមានប្រព័ន្ធការពារ ដែលអាចឱ្យការទាញយកទិន្នន័យរឹតតែមានភាពងាយស្រួល។
ជាក់ស្តែងកាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅថ្មីៗនេះ យោងតាមរបាយការណ៍ពីអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព លោក Volodymyr Diachenko បានឱ្យដឹងថា មានការលេចធ្លាយទិន្នន័យរបស់អតិថិជនចំនួនប្រមាណជាង ១០ម៉ឺននាក់​ដោយចៃដន្យ ពីក្រុមហ៊ុន Razer ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ល្បីមួយសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម។ការលេចធ្លាយព័ត៌មានទាំងនេះមានដូចជា ឈ្មោះពេញ អុីមែល លេខទូរសព្ទ វិក័យប័ត្រផ្សេងៗ អាសយដ្ឋានដឹកជញ្ជូន និងព័ត៌មានលម្អិតនៃការបញ្ជាទិញ ព្រមទាំងព័ត៌មានឯកជនរបស់អតិថិជន ជាដើម។ ផ្ទុយទៅវិញអ្វីដែលចម្លែកនោះគឺ ភាពយឺតយ៉ាវរបស់ក្រុមហ៊ុនដែលបានចំណាយពេលដល់ទៅជាង ៣សប្តាហ៍ដើម្បីធ្វើការកែតម្រូវ ភាពចន្លោះប្រហោង​នេះ។ ទោះជាយ៉ាងណាក្ដីក្រុមហ៊ុនបានបញ្ជាក់ថា ព័ត៌មានទាក់ទងនឹងធនាគារ និងលេខសម្ងាត់ មិនត្រូវបានបែក​ធ្លាយ​នោះទេ។
រូបភាពពីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
ករណីខាងនេះជាឧទាហរណ៍មួយដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នជាមួយព័ត៌មាន ឬ រូបភាពផ្ទាល់ខ្លួន។ សូមលោកអ្នកមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មុននឹងបញ្ចូលព័ត៌មានទៅក្នុងកម្មវិធី ឬវេបសាយណាមួយ ព្រោះ​ទិន្នន័យ​របស់លោកអ្នកអាចនឹងត្រូវគេលួចទាញយកទៅប្រើនៅពេលណាមួយនោះ ដែលនាំឱ្យខាតបង់លុយកាក់ ខូចកេរ្តិ៍ឈ្មោះ ឬថែមទាំងអាចប៉ះពាល់ដល់សុវត្ថិភាពរបស់លោកអ្នកថែមទៀតផង៕