ប៊ិះទៅហើយ! អាចម៍ផ្កាយមួយនឹងឆ្លងកាត់មកជិតផែនដី នៅថ្ងៃនេះ ហើយវាចូលមកកៀកជាងគន្លងផ្កាយរណបទៅទៀត

បរទេស៖ អាចម៍ផ្កាយតូចមួយត្រូវបានគេប្រទះឃើញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ពីមន្ទីរអង្កេតតារាសាស្ត្រ Mt. Lemmon Observatory ក្នុងរដ្ឋ Arizona ហើយវានឹងឆ្លងកាត់ជិតជាងចម្ងាយរវាងព្រះចន្ទមកកាន់ផែនដីទៀត។ អាចម៍ផ្កាយនេះនឹងមកកៀកផែនដី នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ហើយវានឹងមកជិតជាងគន្លងនៃផ្កាយរណបផងដែរ។ ការមកកៀកនៃអាចម៍ផ្កាយនេះ ដែលត្រូវបានដាក់ឈ្មោះថា 2020 SW គួរតែកើតឡើងនៅម៉ោងប្រហែល ៦:១៨ល្ងាច (នៅកម្ពុជា) ថ្ងៃទី២៤ ខែកញ្ញានេះ។ អាចម៍ផ្កាយ 2020 SW ត្រូវបានគេប៉ាន់ប្រមាណថា មានអង្កត់ផ្ចិតប្រហែល៤.៥ទៅ១០ម៉ែត្រ។
រូបតំណាង
វាកាន់តែភ្លឺនៅពេលដែលមកជិតផែនដី ប៉ុន្តែមិនភ្លឺដល់ថ្នាក់អាចមើលឃើញដោយផ្ទាល់ភ្នែកនោះទេ។ យ៉ាងណា អ្នកតាមដានអាចទស្សនាព្រឹត្តិការណ៍នេះ តាមរយៈប្រព័ន្ធអ៊ីនធឺណេតផងដែរ។
គន្លងរបស់អាចម៍ផ្កាយ 2020 SW ដែលនឹងហោះមកជិតផែនដី នៅថ្ងៃនេះ
អាចម៍ផ្កាយ 2020 SW ត្រូវបានគេរំពឹងថា នឹងឆ្លងកាត់នៅរយៈចម្ងាយប្រមាណ ២៨,២៥៤គីឡូម៉ែត្រ ពីផែនដី។ បើប្រៀបធៀបវិញ ផ្កាយរណបទូរទស្សន៍និងឧតុនិយមស្ថិតនៅចម្ងាយប្រហែល ៣៥,៨៨៨គីឡូម៉ែត្រ ពីផ្ទៃផែនដីរបស់យើង។ ទោះជាយ៉ាងណា ក៏នៅមានភាពស្រពិចស្រពិលនៃគន្លងរបស់អាចម៍ផ្កាយនេះផងដែរ តែបើតាមការគណនាបង្ហាញថា វាគ្មានផលប៉ះពាល់ជាហានិភ័យនោះទេ។ វាក៏អាចនឹងឆ្លងកាត់២៤នាទី មុនការកំណត់ផងដែរ៕