ឧទ្យានជាតិថៃមួយកន្លែង នឹងខ្ចប់សំរាមដឹកទៅឲ្យភ្ញៀវទេសចរដែលជាអ្នកពង្រាយ

  • ព្រហស្បតិ៍ ២៤ កញ្ញា, ២០២០ ១៤:៤០
ថៃ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានថៃលោក Varawut Silpa-archa បាននិយាយថា អាជ្ញាធរនៅក្នុងឧទ្យានជាតិ Khao Yai នឹងចាប់ផ្ដើមបញ្ជូនសំរាមទៅដល់ផ្ទះភ្ញៀវទេសចរណាដែលជាអ្នកពង្រាយ។ឧទ្យានជាតិ Khao Yai ជាឧទ្យានជាតិដ៏ស្រស់ត្រកាល ដែលមានទីតាំងស្ថិតនៅភាគខាងជើងឆៀងខាងកើតនៃទីក្រុងបាងកក ហើយលាតស្ធឹងលើផ្ទៃដីជាង២.០០០គីឡូម៉ែត្រក្រឡា និងជាទីចាប់អារម្មណ៍សម្រាប់អ្នកឡើងភ្នំផងដែរ។រាល់ភ្ញៀវទេសចរដែលចូលកម្សាន្ត ឬបោះតង់ជាដើម ត្រូវចុះឈ្មោះជាមុន និងភ្ជាប់អាសយដ្ឋានរស់នៅ ដូច្នេះហើយ វាបានផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនសំរាមទៅឲ្យវិញ ប្រសិនបើពួកគេបោះចោលយ៉ាងឥតសណ្ដាប់ធ្នាប់។ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហោះរូបភាពទៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបង្ហាញពីសំរាមផ្ទាស្ទិក និងសម្បកកំប៉ុង ដាក់នៅក្នុងក្រដាសឡាំង ដោយមានភ្ជាប់ជាមួយនឹងក្រដាសមួយសន្លឹក ដែលសរសេរថា «អ្នកភ្លេចរបស់ទាំងនេះនៅឧទ្យានជាតិ Khao Yai» ។យ៉ាងណាមិញ លោកក៏បានព្រមានដែរថា អ្នកដែលចោលសំរាមក្នុងឧទ្យានជាតិនៅពេលតាមទាន់ ឬបង្កភាពរំខានដល់សត្វ នោះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់៥ឆ្នាំនិងពិន័យជាប្រាក់យ៉ាងច្រើនផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
សំរាមដែលវេចខ្ចប់
សំរាមដែលវេចខ្ចប់