យន្តហោះចម្បាំងរុស្ស៊ី ទំនងជាត្រូវបានបាញ់ទម្លាក់ដោយយន្តហោះមួយគ្រឿងទៀត កំឡុងពេលធ្វើសមយុទ្ធ (មានវីដេអូ)

  • ព្រហស្បតិ៍ ២៤ កញ្ញា, ២០២០ ១៥:៤៨
ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់​រុស្ស៊ីបានរាយការណ៍ថា យន្តហោះចម្បាំងប្រភេទ Su-30 តម្លៃ៥០លានដុល្លារ ដែលបានធ្លាក់នៅភាគកណ្តាល​ប្រទេសរុស្ស៊ី ទំនងជាត្រូវបានបាញ់​ច្រឡំដោយយន្តហោះមួយគ្រឿងផ្សេងទៀតរបស់ខ្លួន ​ខណៈពេលធ្វើសមយុទ្ធយោធា​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន RT ។សារព័ត៌មាន The Moscow Time ក៏បានឱ្យដឹងដែរថា យន្តហោះចម្បាំង Su-30 បានធ្លាក់នៅក្បែរភូមិមួយ​ ក្នុងតំបន់ទ្វែរ (Tver) ភាគពាយព្យរដ្ឋធានីម៉ូស្គូកាលពីថ្ងៃអង្គារសប្តាហ៍នេះ ចំណែក​ពីឡុតចំនួន២នាក់នៅខាងក្នុង​ បានចុចឆ័ត្រយោងលោតចេញដោយសុវត្ថិភាព មុនពេលយន្តហោះធ្លាក់ដល់ដី។គួរជម្រាបដែរថា Su-30 ជាយន្តហោះចម្បាំងម៉ាស៊ីនភ្លោះ ដែលមានសមត្ថភាពខ្ពស់​ និងត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Sukhoi របស់​រុស្ស៊ី។ ​ហើយយន្តហោះចម្បាំងត្រកូល Su-30 នេះ ​ត្រូវបានប្រទេសជាច្រើនរួមមាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម​ អាមេនី​ បេឡារុស្ស ក៏ដូចជាប្រទេសដទៃទៀត ទិញ​យកទៅប្រើប្រាស់៕
យន្តហោះSu-30
Su-30 បានធ្លាក់ក្នុងព្រៃក្បែរភូមិមួយ នៅតំបន់ទ្វែរ