សំណាងម្ល៉េះ! ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ រើសបានឆ្អឹងដាយណូស័រដ៏កម្រ

កាណាដា៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានបង្កើតរបកគំហើញដ៏អស្ចារ្យមួយ នៅក្នុងជីវិតរបស់គាត់ ដោយបានរកឃើញឆ្អឹងដាយណូស័រមានអាយុកាល៦៩លានឆ្នាំ។ មិនមែនជាអ្នកជំនាញផ្នែកសត្វពីបុរាណ ក្មេងប្រុសម្នាក់នេះបានឡើងភ្នំជាមួយឪពុករបស់គាត់ នៅតំបន់ខេត្ត Alberta ដែលសម្បូរទៅដោយផូស៊ីល ក្នុងប្រទេសកាណាដា កាលពីខែកក្កដា នៅពេលដែលគាត់បានឃើញឆ្អឹងបានលយចេញពីថ្ម។ នៅថ្ងៃព្រហស្បតិ៍នេះ ការជីកយកគ្រោងឆ្អឹងត្រូវបានបញ្ចប់។
ណាថាន់និងឪពុករបស់គាត់
ណាថាន់ដែលជាក្មេងប្រុសមានការចាប់អារម្មណ៍ទៅនឹងដាយណូស័រ តាំងពីគាត់មានអាយុ៦ឆ្នាំ ជារឿយៗបានដើរលេងនៅតំបន់អភិរក្សធម្មជាតិនៃតំបន់ការពាររបស់ប្រទេសកាណាដា ក្នុងតំបន់ Albertan Badlands ជាមួយឪពុករបស់គាត់។ កាលពីមួយឆ្នាំមុន ពួកគេបានរកឃើញបំណែកផូស៊ីលតូចៗ ហើយឪពុករបស់គាត់បានសង្ស័យថា ពួកវាបានធ្លាក់ពីផ្ទាំងថ្មខាងលើ។ ដូច្នេះនារដូវក្ដៅក្នុងប្រទេសកាណាដា ណាថាន់បានសម្រេចចិត្ត ចុះរុករក។ ជាការពិត ឆ្អឹងផូស៊ីលបានលយចេញ ពីចំហៀងភ្នំ។
ឆ្អឹងដាយណូស័រដែលណាថាន់បានរកឃើញ
ណាថាន់ដឹងថា ផូស៊ីលត្រូវបានការពារដោយច្បាប់ ដូច្នេះនៅពេលពួកគេបានទៅដល់ផ្ទះ ពួកគេបានចូលទៅកាន់គេហទំព័ររបស់សារមន្ទីរ Royal Tyrrell Museum ដែលមានទីតាំងក្នុងខេត្ត Alberta ដើម្បីសិក្សាពីប្រវត្តិពីបុរាណ។ ខាងសារមន្ទីរបានប្រាប់ពួកគេឲ្យផ្ញើរូបថតនៃការរកឃើញ និងទីតាំង GPS ដែលពួកគេបានរកឃើញផងដែរ។ រហូតមកដល់ពេលនេះ ឪពុកកូននេះបានរកឃើញឆ្អឹងចន្លោះពី៣០ទៅ៥០ នៅក្នុងជញ្ជាំងជ្រលងភ្នំ។ សារមន្ទីរបាននិយាយថា ដាយណូស័រនេះមានលក្ខណៈវិទ្យាសាស្ត្រយ៉ាងសំខាន់ ពីព្រោះផូស៊ីលនេះមានអាយុកាលប្រហែល៦៩លានឆ្នាំ ហើយកំណត់ត្រាពីសម័យនោះគឺកម្រខ្លាំងណាស់៕