មិនងាយបានជួប! ប្រព័ន្ធផ្កាយដ៏កម្របំផុតបានបញ្ចប់ជីវិត ហើយបានផ្ទុះមានរាងដូចស្លាបកង្ហារ នៅក្នុងកាឡាក់ស៊ីរបស់យើង

បរទេស៖ ប្រព័ន្ធផ្កាយដ៏កម្រមួយត្រូវបានគេរកឃើញ នៅក្នុងកាឡាក់ស៊ីមីលគីវ៉េរបស់យើង ប៉ុន្តែវាបានបញ្ចប់ជីវិត ដោយការផ្ទុះដ៏ធំមួយ។ ប្រព័ន្ធផ្កាយដែលមានរាងដូចស្លាបកង្ហារមួយនេះ មានទីតាំងនៅចម្ងាយ៨,០០០ឆ្នាំពន្លឺពីផែនដី។ ប៉ុន្តែវាពិតជាកម្រណាស់ ដែលតារាវិទូបានរកឃើញប្រព័ន្ធផ្កាយដូចនេះ នៅក្នុងកាឡាក់ស៊ីរបស់យើង។
ប្រព័ន្ធផ្កាយ Wolf-Rayet
ប្រព័ន្ធផ្កាយមួយនេះត្រូវបានគេឲ្យឈ្មោះថា Wolf-Rayet។ មានតែផ្កាយដែលមានម៉ាស់ធំដូច Wolf-Rayet នឹងឈានដល់ដំណាក់កាលនៃការបញ្ចប់ជីវិតបែបនេះ។ ដំណាក់កាលមួយនេះអាចមានរយៈពេលរហូតដល់ពីរបីពាន់ឆ្នាំឯណោះ ប៉ុន្តែក្នុងជីវិតរបស់ផ្កាយ នោះគ្រាន់តែជាដំណាក់កាលដ៏ខ្លីតែប៉ុណ្ណោះ នេះបើយោងតាមសម្ដីរបស់ក្រុមតារាវិទូ។
ប្រព័ន្ធផ្កាយWolf-Rayet បានផ្ទុះ ហើយមានរាងដូចកង្ហារ
នៅខាងក្នុងប្រព័ន្ធផ្កាយមួយនេះ មានផ្កាយចំនួនពីរដែលមានម៉ាស់ធំ ដែលបានគោចរជុំវិញគ្នា ខណៈពួកវាជាដៃគូវិលជុំវិញគ្នាដោយទំនាញ។ ផ្កាយមួយគូនេះប្រហែលជា ផ្កាយ Wolf-Rayet ដែលបានបញ្ចេញឧស្ម័ន ដែលជួយឲ្យកើតមានរូបរាងដ៏ស្មុគស្មាញនៃពពកធូលី។ ផ្កាយទាំងពីរនេះមានទំហំធំជាងព្រះអាទិត្យយើង ប្រហែល១០ទៅ១៥ដង ហើយពួកវាមានពន្លឺភ្លឺជាងព្រះអាទិត្យរបស់យើង ជាង១០ម៉ឺនដង។ ហើយបើប្រៀបធៀបទៅនឹងសីតុណ្ហភាពនៅលើផ្ទៃព្រះអាទិត្យ ដែលមានប្រហែល៩,៩៤១អង្សាហ្វារិនហៃ ផ្កាយមួយគូនេះមានកម្ដៅខ្លាំងរហូតដល់៤៥,០៣២អង្សាហ្វារិនហៃ ឬអាចច្រើនជាងនេះ៕