អាមេរិកព្រមព្រៀងលក់ប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំង​ឱ្យទៅប្រទេសរ៉ូម៉ានី

  • សៅរ៍ ១៧ តុលា, ២០២០ ១០:០៨
ប៊ុយ⁠ការែស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសព្រមព្រៀងលក់ប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំង (NSM) ដែលមានសក្តានុពលសម្រាប់ការពារនៅតាមតំបន់ឆ្នេរ​ ​​ឱ្យទៅប្រទេសរ៉ូម៉ានី​ក្នុងទំហំទឹកប្រាក់ប្រហែល ៣០០លានដុល្លារ។យោងតាមសេចក្តីប្រកាសនៅលើគេហទំព័ររបស់​ទីភ្នាក់ងារសហប្រតិបត្តិការការពារសន្តិសុខជាតិ​បានឱ្យដឹងថា ប្រទេសរ៉ូម៉ានីចង់ទិញប្រព័ន្ធមីស៊ីលនេះចំនួន២ រួមទាំងឧបករណ៍​ពាក់ព័ន្ធចំនួនទៀត ក្នុងគោលបំណងបង្កើនសមត្ថភាពការពារដែនសមុទ្ររបស់រ៉ូម៉ានីនៅសមុទ្រខ្មៅ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ននិងអនាគត​ ក៏ដូចជាការបង្កើនអន្តរ​ប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកផងដែរ។គួរជម្រាបដែរថា ប្រព័ន្ធមីស៊ីល NSM គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Kongsberg Defence & Aerospace ដោយមានការសហការជាមួយក្រុមហ៊ុន Raytheon ។ ហើយបច្ចុប្បន្ន ប្រព័ន្ធមីស៊ីលនេះកំពុងត្រូវបានប្រើប្រាស់ដោយប្រទេសមួយចំនួន រួមមាន ប្រទេសន័រវែស ប៉ូឡូញ សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងអាល្លឺម៉ង់ជាដើម៕
ប្រព័ន្ធមីស៊ីល NSM
ប្រព័ន្ធមីស៊ីល NSM