អាមេរិកចូលខ្លួន​ជួយដោះស្រាយជម្លោះបង្ហូរឈាម រវាងទាហាន​អាមេនីនិងអាស៊ែបៃសង់ ​

  • សៅរ៍ ២៤ តុលា, ២០២០ ១៥:០៨
វ៉ាស៊ីនតោន៖ ​ទាហានអាស៊ែបៃសង់ និង​អាមេនីបានបន្តបាញ់ផ្លោងដាក់គ្នា​ នៅទីតាំងជាច្រើនក្នុងតំបន់ជម្លោះ ណាហ្គ័រណូ ការ៉ាបាក់ ខណៈពេលដែលសហរដ្ឋអាមេរិកបានបង្កើនកិច្ចប្រឹងប្រែងតាមរយៈការទូត ដើម្បីព្យាយាមបញ្ចប់ការប្រយុទ្ធដ៏សាហាវបំផុត រវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរ ដែលបានកើតឡើងម្តងហើយម្តងទៀត អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាន​ធ្វើជំនួបដាច់ដោយឡែកពីគ្នា ​រវាងរដ្ឋមន្រ្តីការបរទេសអាស៊ែបៃសង់និងអាមេនី ក្នុង​គោលបំណងបញ្ចប់ការប្រយុទ្ធគ្នាបង្ហូរឈាមអស់រយៈពេលជិតមួយខែ ដែលប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ​អាចនឹង​មានមនុស្ស ៥​ពាន់នាក់ បានស្លាប់បាត់បង់ជីវិត។ចំណែកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក៏បានលើកឡើងដែរថា៖ ​ជម្លោះទឹកដីរវាង​អាស៊ែបៃសង់និងអាមេនី ដែលចាប់ផ្តើម​ឡើង​កាលថ្ងៃទី ២៧ ខែកញ្ញា បាននឹងកំពុង​បង្កជាក្តី​បារម្ភ​ជាអន្តរជាតិ ​ថាវាអាចអូសទាញមហាអំណាចក្នុងតំបន់ផ្សេងទៀតឱ្យចូលរួមក្នុងជម្លោះនេះ ដោយក្នុងនោះតួកគីបានបង្ហាញសាមគ្គីភាពជាមួយអាស៊ែបៃ​សង់ ខណៈដែលអាមេនីមានកតិកាសញ្ញាការពារជាតិជាមួយរុស្ស៊ី។គួររម្លឹកដែរថា ចាប់ពីឆ្នាំ ១៩៩១-១៩៩៤ សង្គ្រាមអាស៊ែបៃសង់និងអាមេនីនៅតំបន់ការ៉ាបាក់នេះ បានបណ្តាលឱ្យមនុស្សប្រមាណ ៣ម៉ឺននាក់ ស្លាប់បាត់បង់ជីវិត។ ប្រជាជនអាមេនីបានចាត់ដែនដីនៅតំបន់ការ៉ាបាក់ជាផ្នែកមួយនៃមាតុភូមិប្រវត្តិសាស្ត្ររបស់ពួកគេ ខណៈដែលអា​ស៊ែបៃសង់បានចាត់ទុកថាវាជាដីកាន់កាប់ដោយខុសច្បាប់ ដែលត្រូវតែប្រគល់ឱ្យ​អា​ស៊ែបៃសង់វិញ៕