សហរដ្ឋអាមេរិកបំបែកកំណត់ត្រាថ្មី រកឃើញអ្នកឆ្លងវីរុសកូរ៉ូណាច្រើនបំផុត ក្នុងមួយថ្ងៃ

  • សៅរ៍ ២៤ តុលា, ២០២០ ១៥:០៤
ញូយ៉ក៖ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ទៅ ៨៤,២១៨ករណី កាលពីថ្ងៃសុក្រម្សិលមិញនេះ ដែលជាកំណត់ត្រាប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់ជួបប្រទះពីមុន ដោយសារតែបច្ចុប្បន្ន ជំងឺឆ្លងដ៏កាចសាហាវនេះ ហាក់កំពុងរាតត្បាតស្ទើរទូទាំងសហរដ្ឋអាមេរិកទៅហើយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។
ពលរដ្ឋអាមេរិកកំឡុងពេលជំងឺកូវីដ-១៩រាតត្បាត
សហរដ្ឋអាមេរិកពេលនេះ មានអ្នកចូលព្យាបាលចំនួន ៤១,០០០នាក់ និងស្លាប់ជាមធ្យមជិត ៨០០នាក់ក្នុងមួយថ្ងៃ ស្របពេលដែលរដ្ឋចំនួន១៦ មានករណីឆ្លងប្រចាំថ្ងៃកើនឡើងជាលំដាប់។ តែទោះជាយ៉ាងណា អ្នកជំនាញផ្នែកសុខភាពអាមេរិកមិនបានបញ្ជាក់ពីមូលហេតុនៃការកើនឡើងនេះទេ ប៉ុន្ដែពួកគេធ្លាប់បានព្រមានជាយូមកហើយថា សីតុណ្ហភាពត្រជាក់ និងការវិលត្រឡប់ទៅសាលារៀនរបស់សិក្សានុសិស្ស អាចជំរុញឲ្យវីរុសរាលដាលកាន់តែខ្លាំង។
ការធ្វើតេស្ដរកមេរោគ
សូមបញ្ជាក់ដែរថា សហរដ្ឋអាមេរិកបច្ចុប្បន្ន គឺជាប្រទេសរងគ្រោះខ្លាំងគេបំផុតនៅក្នុងពិភពលោក ដែលមានអ្នកឆ្លងសរុបប្រមាណ ៨.៥លានករណី ក្នុងនោះមនុស្សប្រមាណ ២២៤,០០០នាក់បានស្លាប់ និងអ្នកជំងឺប្រមាណ ៥.៦លាននាក់ជាសះស្បើយឡើងវិញ។