តែតចាក់អន្ទង់អេមណាស់! Vardy តែត១គ្រាប់ចុងម៉ោង ជួយ Leicester យក៣ពិន្ទុពីទឹកដី Arsenal (មានវីដេអូ)

  • ច័ន្ទ ២៦ តុលា, ២០២០ ០៩:១៣
អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal ក្នុងនាមជាម្ចាស់ផ្ទះ បានបើកទ្វារកីឡដ្ឋាន Emirates Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវ Leicester City ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី៦ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះ។
សកម្មភាពនៃការប្រកួត
ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ គិតត្រឹមតង់ទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ ពោលពេលវេលាអូសបន្លាយដល់នាទីទី៨០ទើបមានគ្រាប់បាល់ ដែលជាការតែតចាក់អន្ទង់យ៉ាងល្អពីសំណាក់ខ្សែប្រយុទ្ធ៣៣ឆ្នាំ Jamie Vardy ដែល១គ្រាប់នេះ ធានា៣ពិន្ទុសម្រាប់ក្រុម Leicester តែម្ដង។
កីឡាករJamie Vardy
យ៉ាងណាមិញ ក្រោយលេងពេញ៩០នាទីឃើញថា ក្រុមទាំងពីរមានការប៉ះទង្គិចគ្នាច្រើនគួរសម ជាក់ស្ដែងអាជា្ញកណ្ដាល ចាយកាតលឿងអស់ដល់ទៅ៨សន្លឹកឯណោះ ក្នុងនោះក្រុមម្ចាស់ផ្ទះ Arsenal ទទួលបាន៣សន្លឹក ចំណែកឯក្រុមភ្ញៀវទទួលបាន៥សន្លឹក។ជាមួយគ្នានេះ តាមរយៈលទ្ធផលខាងលើ បានជួយក្រុម Leicester ឡើងមកឈរចំណាត់ថ្នាក់លេខ៤ មាន១២ពិន្ទុ ចំណែកឯក្រុម Arsenal បានធ្លាក់ទៅឈរលេខ១០ មាន៩ពិន្ទុ។
គួរបញ្ជាក់ដែរថា សម្រាប់ប្រកួតបន្ទាប់នៅក្របខណ្ឌ​ Premier League ក្រុម Arsenal នឹងត្រូវធ្វើការធ្ងន់ជាបន្តទៀត ដោយត្រូវធ្វើដំណើរទៅទឹកដី Old Trafford តតាំងជាមួយក្រុមបិសាចក្រហម Manchester United នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ វេលាម៉ោង ១១:៣០នាទីយប់។ ចំណែកឯក្រុម Leicester ប្រកួតបន្ទាប់ត្រូវប៉ះជាមួយ Leeds United ក្រៅដី នាថ្ងៃច័ន្ទ ឈានចូលថ្ងៃអង្គារ សប្ដាហ៍ក្រោយវេលាម៉ោង៣រំលេងអធ្រាត្រ៕ បើចង់ឃើញការតែតបញ្ចូលទីរបស់ Vardy ល្អយ៉ាងណានោះ​សូមទស្សនាវីដេអូខាងក្រោម៖