បក្សីពូជយក្សទាំងនេះមានអំណាចសម្បើម ក្នុងការត្រួតត្រាលើផែនដីរបស់យើង កាលពីសម័យបុរាណ

អាមេរិក៖ នៅទសវត្សរ៍ឆ្នាំ១៩៨០ អ្នកជំនាញផ្នែកសត្វពីបុរាណនៅសាកលវិទ្យាល័យ University of California Riverside បានធ្វើដំណើរទៅកោះ Seymour ដែលជាផ្នែកមួយនៃជួរកោះនៅឧបទ្វីបអង់តាក់ទិក។ ពួកគេបានរកឃើញផូស៊ីលនិងនាំវាទៅផ្ទះ រួមមានឆ្អឹងប្រអប់ជើងនិងឆ្អឹងថ្កាមផ្នែកខ្លះនៃបក្សីសម័យបុរេប្រវត្តិចំនួនពីរ។ រយៈពេលជាច្រើនទសវត្សរ៍ ផូស៊ីលត្រូវបានតាំងបង្ហាញនៅក្នុងសារមន្ទីរមួយ នៅឯសាកលវិទ្យាល័យ University of California Berkeley រហូតដល់និស្សិតបញ្ចប់ការសិក្សាម្នាក់ ឈ្មោះ Peter Kloess បានចាប់ផ្ដើមចាប់អារម្មណ៍លើពួកវា ក្នុងឆ្នាំ២០១៥។ របាយការណ៍របស់លោក Kloess បានកំណត់អត្តសញ្ញាណសត្វស្លាបទាំងពីរនេះថា ជាសត្វស៊ីសត្វដទៃទៀតជាអាហារ ដែលធ្លាប់បានរស់នៅលើមហាសមុទ្រភាគខាងត្បូងនៃផែនដី យ៉ាងហោចណាស់៦០លានឆ្នាំមុន។
គំនូរបក្សីយក្ស គូរឡើងវិញ ដោយវិចិត្រករ
ពួកវាត្រូវបានគេស្គាល់ថា ជាសត្វបក្សីឆ្អឹងធ្មេញ ពីព្រោះធ្មេញដ៏មុតស្រួចនិងចំពុះវែង ដែលជួយឲ្យពួកវា ងាយស្រួលក្នុងការប្រមាញ់ត្រីនិងមឹកពីមហាសមុទ្រ។ បក្សីទាំងនេះមានទំហំធំណាស់ បើត្រដាងស្លាបរបស់វា មានប្រវែងរហូតដល់៦.៤ម៉ែត្រ។ លោក Kloess និងអ្នកស្រាវជ្រាវដទៃទៀតបានកំណត់ថា ឆ្អឹងប្រអប់ជើងមានអាយុកាល៥០លានឆ្នាំ ហើយបំណែកឆ្អឹងថ្គាមមានអាយុកាលប្រហែល៤០លានឆ្នាំ។
បំណែកឆ្អឹងថ្គាមរបស់បក្សី ដែលរកឃើញនៅជួរកោះអង់តាក់ទិក ក្នុងទសវត្សរ៍ឆ្នាំ១៩៨០
ភស្ដុតាងដែលបង្ហាញថា សត្វស្លាបទាំងនេះស្ថិតនៅក្នុងសម័យកាល នៅពេលអាចម៍ផ្កាយមួយបានវាយប្រហារផែនដី និងបានសម្លាប់ជីវិតដាយណូស័រស្ទើរតែទាំងអស់។ បក្សីដែលត្រូវបានគេរកឃើញផូស៊ីលប្រអប់ជើង គឺជាប្រភេទសត្វដ៏ធំបំផុតនិងបានផុតពូជ ចំណែកបក្សីដែលត្រូវបានគេរកឃើញផូស៊ីលបំណែកឆ្អឹងថ្គាម ទំនងជាធំដែរ៕