ទីបំផុត! អ្នកវិទ្យាសាស្ត្របានដឹងថា តើទឹកលើភពអង្គារបាត់ទៅណា

បរទេស៖ ដើម្បីស្វែងយល់ថា តើទឹកនៅលើភពអង្គារបាត់ទៅណា ក្រុមអ្នកវិទ្យាសាស្ត្របានកំណត់ទំហំការស្រាវជ្រាវលើរយៈកម្ពស់១៥០គីឡូម៉ែត្រ ខាងលើផ្ទៃភពក្រហមមួយនេះ។ អ្នកវិទ្យាសាស្ត្របានក្រឡេកទៅមើលបរិយាកាសរបស់ភពនេះ ជាជាងនៅផ្ទៃរបស់វា ដែលគេអាចដឹងបានថា មានរឿងអ្វីកើតឡើងចំពោះទឹក ដែលធ្លាប់តែមានវត្តមាននៅលើភពអង្គារនេះ។ យោងតាមរបាយការណ៍ទិន្នន័យថ្មីបានឲ្យដឹងថា ព្យុះធូលីដែលកើតឡើងលើផ្ទៃភពអង្គារ ក្លាយជាតម្រុយនៃការបឺតយកទឹករបស់ភពនេះ យឺតៗអស់រយៈពេលរាប់លានឆ្នាំមកហើយ ដោយការបូមយកម៉ូលេគុលទឹកពីដំណើរខាងក្រោមរបស់វា ទៅកាន់បរិយាកាសផ្នែកខាងលើនៃភព។ រឿងនេះក៏បានកើតឡើងលើផែនដីផងដែរ ដោយម៉ូលេគុលទឹកហួតឡើងទៅលើ រហូតដល់ធ្វើឲ្យឧស្ម័នកកជាទឹក ហើយក្លាយជាភ្លៀងនិងធ្លាក់មកកាន់ផែនដីវិញ។ ដំណើរការបែបនេះមានភាពខុសគ្នា រវាងភពអង្គារនិងផែនដី។ ជាលទ្ធផល នៅពេលទឹកបានឡើងទៅដល់បរិយាកាសផ្នែកខាងលើនៃភពអង្គារ វានឹងធ្វើប្រតិកម្មជាមួយនឹងម៉ូលេគុលបរិយាកាស ហើយនឹងត្រូវបំបែកជាអ៊ីដ្រូសែននិងអុកស៊ីសែនវិញ។ បន្ទាប់មក អ៊ីដ្រូសែនអាចធ្វើដំណើរផុតពីបរិយាកាសភពអង្គារ ទៅខាងក្រៅ ដូច្នេះទើបធាតុដែលចាំបាច់ ត្រូវរសាត់ចូលទៅក្នុងលំហ។ ការរកឃើញនេះបានស្រាយបំភ្លឺលើការវិវឌ្ឍរបស់ភពក្រហមមួយនេះ ពីភពមានជាតិសំណើមដែលធ្លាប់ស្រដៀងគ្នានឹងផែនដី ក្លាយទៅជាពិភពវាលខ្សាច់ ដែលយើងបានដឹងសព្វថ្ងៃនេះ។ អ្នកវិទ្យាសាស្ត្រជឿថា ផ្ទៃលើភពអង្គារធ្លាប់មានបឹងនិងទន្លេហូរកាត់ កាលពីបុរាណ ហើយទឹកដែលនៅសល់អាចនឹងស្ថិតនៅក្រោមដីផងដែរ៕ 
រូបតំណាងទឹកនៅលើភពអង្គារ
ផ្កាយរណបដែលសិក្សានៅភពអង្គារ
ភពអង្គារ