ការថ្នាក់​​​ថ្នម​​​កូន​​​ខ្លាំង​​ពេក​ នឹង​​ធ្វើ​​ឱ្យ​​កូន​​​ខិល​ខូច​​មែន​ទេ​?​ តែ​​​វេជ្ជ​បណ្ឌិត​​ដ៏​ល្បី​ម្នាក់​​ រក​ឃើញ​ខុស​ពី​នេះ​

  • ព្រហស្បតិ៍ ១៩ វិច្ឆិកា, ២០២០ ១៨:២២
អ្នកជំនាញខាងផ្លូវចិត្តរបស់កុមារបានលើកឡើងនូវចំណុចជាច្រើន ដែលលោកប៉ាអ្នកម៉ាក់ គួរចៀសវាងដើម្បីជួយ ឱ្យកុមាររីកចម្រើនបានល្អ និងធ្វើឱ្យគេក្លាយជាក្មេងដែលមានភាពរីករាយ មានទំនុកចិត្តលើខ្លួនឯង និងរឹងមាំម្នាក់។ យើងនឹងលើកយកចំណុចសំខាន់មួយចំនួនមកជូនអ្នកគ្រប់គ្នា គិតនិងពិចារណា:1. គំរាមថានឹងចាកចេញពីពួកគេ ឬទុកពួកគេចោលនៅពេលដែលកុមារតូចរករឿងខ្លាំង វាច្បាស់ជាធ្វើឱ្យលោកប៉ាអ្នកម៉ាក់ឈឺក្បាលយ៉ាងខ្លាំង រហូតដល់ពេលខ្លះ​អាចគំរាម​ថា​នឹងបោះបង់ពួកគេចោលទៀតផង។ អារម្មណ៍របស់កុមារចំពោះប៉ាម៉ាក់ ឬអ្នកមើលថែរបស់គេគឺ​សំខាន់​ខ្លាំងណាស់នៅក្នុងការលូតលាស់របស់កុមារ ហើយការនិយាយគំរាមថានឹងបោះបង់ពួកគេចោល នឹងធ្វើឱ្យកុមារតូច​ចាប់ផ្តើមមានអារម្មណ៍មិនទុកចិត្តចំពោះវត្តមានរបស់អ្នក។ ការនិយាយបែបនេះអាចធ្វើឱ្យពួកគេយល់ថា វាមាន​ឱកាស​​​​ដែល​អ្នកអាចបាត់ទៅ ដោយមិនអាចការពារគេទៀតឡើយ ការគិតនោះនឹងធ្វើឱ្យគេភ័យខ្លាច ហើយចាប់ផ្តើម​នៅឆ្ងាយពីអ្នក។ ហេតុនេះហើយនៅពេលដែលអ្នកចង់ដោះស្រាយជាមួយបញ្ហាការង៉ក់ងររបស់ពួកគេ អ្នកអាចលើក​ជា​ហេតុផលឱ្យពួកគេស្តាប់វិញ ដោយលើកយកអ្វីដែលងាយៗយល់សម្រាប់ពួកគេបាន។2. កុហកពួកគេសូមកុំកុហកកូនរបស់អ្នក ទោះជាអ្នកធ្វើដើម្បីរក្សាការពារអារម្មណ៍គេក៏ដោយចុះ ព្រោះការបង្កើតរឿងដែលមិនពិត ឬក៏​កុហក មិនមែនជារឿងដែលចាំបាច់ ហើយវាក៏អាចប៉ះពាល់ដល់កុមារច្រើនដូចគ្នា។3. មើលរំលងចំណុចមិនល្អរបស់ខ្លួនកុមារតូចរៀនដោយការយកគំរូ តាមរយ:ទង្វើតូចតាច និងងាយៗ ពួកគេទទួលយកបរិយាកាសនៅជុំវិញខ្លួន ហើយក៏​រៀន​ពីវាទាំងរឿងល្អ និងរឿងអាក្រក់ ហេតុនេះហើយបើអ្នកចង់ឱ្យកូនរបស់អ្នកក្លាយជាក្មេងដែលចេះគោរពអ្នកដទៃ និងចិត្តល្អ អ្នកត្រូវធ្វើជាគំរូឱ្យគេសិន។ បង្ហាញឱ្យពួកគេបានឃើញល្អជាងការដែលបានតែនិយាយ ប្រាប់ពួកគេថា តើគួរធ្វើបែបណា។4. គិតថាមិនគួរធ្វើដាក់ទារកដូចជាទារកឪពុកម្តាយខ្លះជឿថាការថ្នាក់ថ្នមទារកខ្លាំងពេក នឹងធ្វើឱ្យទារកខូចបាន ហេតុនេះហើយអ្នកមិនគួរអោប ឬជួយទារក​ពេកទេ តែការសិក្សាមួយបានរកឃើញផ្ទុយពីនេះ។ ការសិក្សាស្រាវជ្រាវរបស់លោក Dr. Tovah Klein, អគ្គនាយកនៃ Barnard Toddler Center នៅឯ Columbia University បាននិយាយថាការស្រាវជ្រាវបានរក​ឃើញ​ថា ​ទារក​ដែល​ទទួលបានការថ្នាក់ថ្នម និងឆ្លើយតបទៅកាន់ពួកគេបានច្រើន នឹងក្លាយជាទារកដែលអាចជួយខ្លួនឯងមួយ។ កុមារលូតលាស់ទៅតាមវ័យរបស់ខ្លួន ហើយការដែលផ្តល់ភាពឯករាជ្យឱ្យពួកគេលឿនពេក ឬការឱ្យគេជួបរឿង​អ្វីដែល​ថ្មីៗលឿនពេក គឺអាចនឹងនាំបញ្ហាមកតាមក្រោយ ជាច្រើនដូចគ្នា។5. ដាក់ទោសនៅពេលដែលពួកគេរករឿងការបញ្ចេញកំហឹងដោយការវាយដំ ឬការបោះបោករបស់របរ គឺជាធម្មជាតិរបស់កុមារ ដោយសារតែពួកគេនៅ​មិនទាន់​អាចប្រើពាក្យបានច្រើន ឬការប្រើភាសាដែលដូចជាមនុស្សធំពេញវ័យបានឡើយ។ ជាជាងការដែលអ្នកទៅស្តីបន្ទោស ឬដាក់ទោសពួកគេ អ្នកអាចណែនាំគេឱ្យយល់ពីអារម្មណ៍ មិនល្អ(ខឹង ឬស្អប់)របស់ពួកគេ ជួយពួកគេឱ្យយល់ថា មកពី​មូល​ហេតុអ្វីបានជាធ្វើឱ្យពួកគេខឹង វានឹងជួយឱ្យគេស្គាល់ពីអារម្មណ៍ និងការទំនាក់ទំនងកាន់តែច្បាស់។ ជាជាងស្តី​បន្ទោស​​អ្នកគួរបង្ហាញនូវការអាណិត ដោយលាយឡំជាមួយនឹងការកំណត់ព្រំដែនឱ្យគេផង (ម៉ាក់ដឹងថាកូនខឹង តែកូន​មិន​អាចធ្វើបែបនេះ.....)។ជាការពិតណាស់ការធ្វើជាឪពុកម្តាយរបស់គេគឺមិនមែនជារឿងងាយនោះទេ អ្នកនឹងមានទំនួលខុសត្រូវកាន់តែច្រើន ហើយអ្នកនឹងចាប់ផ្តើមធ្វើគ្រប់យ៉ាងដើម្បីកូនជាទីស្រឡាញ់។ តែសូម​ចងចាំថា អ្នកអាចមានវិធីច្រើនណាស់​ដើម្បីក្លាយ​ជាប៉ាម៉ាក់ដ៏ល្អសម្រាប់កូនបាន ទាំងនោះគឺគ្រាន់តែទាមទារឱ្យអ្នកមានការអត់ធ្មត់ ហើយស្វែងរកវិធីសាស្ត្រល្អនានា​ដែលជួយដល់កូនរបស់លោកអ្នកបានតែប៉ុណ្ណោះ៕