ឡូយម្ល៉េះ! កម្មវិធីបកប្រែសំឡេងឆ្មា ដោយគ្រាន់តែស្ដាប់ឆ្មានិយាយថា «ម៉េវៗ!» នោះអត្ថន័យនឹងចេញមកភ្លាម

បរទេស៖ កម្មវិធីមួយដែលមានបំណងបកប្រែសំឡេងម៉េវរបស់ឆ្មា ត្រូវបានបង្កើតឡើងដោយអតីតវិស្វករនៃប្រព័ន្ធ Alexa របស់ Amazon។ កម្មវិធី MeowTalk នឹងថតសំឡេង ហើយបន្ទាប់មកព្យាយាមកំណត់អត្ថន័យ។ ម្ចាស់ឆ្មាក៏អាចជួយក្នុងការបកប្រែ ដែលបង្កើតដាតាបេសសម្រាប់សូហ្វវែរ AI ដើម្បីបង្រៀនវា។ បច្ចុប្បន្ននេះ មានតែ១៣ឃ្លាប៉ុណ្ណោះនៅក្នុងវាក្យសព្ទរបស់កម្មវិធី រួមមានពាក្យ៖ ដាក់ចំណីឲ្យខ្ញុំ! (feed me!), ខ្ញុំខឹងហើយ! (I am angry!), កុំមកឆាឆៅខ្ញុំ! (leave me alone!) ជាដើម។ ការស្រាវជ្រាវបង្ហាញថា បើខុសពីម្ចាស់របស់វា សត្វឆ្មាមិនប្រើប្រាស់ភាសារបស់វាទេ។ សំឡេងម៉េវៗនីមួយៗរបស់ឆ្មាមានលក្ខណៈប្លែកពីគ្នា ដែលទុកសម្រាប់ម្ចាស់របស់វា ជាមួយការលើកដាក់សំឡេងជាជាង នៅជាមួយអ្នកដទៃ។
កម្មវិធីMeowTalk
ការប្រើប្រាស់កម្មវិធីMeowTalk
ដូច្នេះជំនួសឲ្យមូលដ្ឋានទិន្នន័យទូទៅសម្រាប់សំឡេងឆ្មា ការបកប្រែរបស់កម្មវិធីមានលក្ខណៈខុសគ្នា ជាមួយទម្រង់លក្ខណៈនីមួយៗ។ តាមរយៈការថតសំឡេងនិងកំណត់អត្ថន័យនៃសំឡេងរបស់បញ្ញាសិប្បនិម្មិតនិងសូហ្វវែររៀនសូត្រ វាអាចយល់បានច្បាស់ពីសំឡេងរបស់ឆ្មានីមួយៗ។ បច្ចេកវិទ្យានឹងបកប្រែសំឡេងម៉េវនៃឆ្មារបស់អ្នកបានភ្លាមៗ ហើយសំឡេងបកប្រែជាភាសាមនុស្សនឹងចេញមកតាមក្រោយ។ អ្នកអាចរកកម្មវិធីនេះបាននៅលើ Play Store និង App Store ដោយឥតគិតថ្លៃ។ ដោយសារតែវាស្ថិតនៅដំណាក់អភិវឌ្ឍន៍ដំបូង វានៅមានការត្អួញត្អែរពីសំណាក់អ្នកប្រើប្រាស់មួយចំនួន ពីកំហុសនៅក្នុងកម្មវិធី៕