ចាប់ពីពេលនេះ បាតុភូតចម្លែកមួយនឹងធ្វើឲ្យតំបន់មួយ មានផ្ទៃមេឃងងឹត រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំក្រោយ ទើបមានព្រះអាទិត្យរះឡើងវិញ

  • សុក្រ ២០ វិច្ឆិកា, ២០២០ ១៦:៤៨
អាមេរិក៖ នៅជុំវិញតំបន់អាក់ទិក មានបាតុភូតមួយដែលនឹងកើតឡើងប៉ុន្មានខែ ដោយព្រះអាទិត្យនឹងមិនរះខាងលើជើងមេឃ ក្នុងរយៈពេល២៤ម៉ោង។ បាតុភូតនេះត្រូវបានគេហៅថា រាត្រីនៅប៉ូល ហើយប្រជាជនអាមេរិកនៅចុងភាគខាងជើង ដូចជាទីក្រុង Utqiaġvik នៃរដ្ឋអាឡាស្កា នឹងកើតមានព្រឹត្តិការណ៍នេះផងដែរ។ បើយោងតាមសេវាកម្មអាកាសធាតុជាតិ នៅក្នុងទីក្រុង Fairbanks រដ្ឋអាឡាស្កា បានឲ្យដឹងថា បាតុភូតនេះនឹងកើតឡើងរយៈពេល៦៦ថ្ងៃ នៃសភាពស្ទើរងងឹតនៅក្នុងតំបន់នេះ នៅតាមបណ្ដោយឆ្នេរសមុទ្រអាក់ទិក។ ព្រះអាទិត្យនឹងលិចនៅខាងក្រោមជើងមេឃ នៅពេលវេលាចុងក្រោយនៃឆ្នាំ២០២០ វេលាម៉ោង១:៣០នាទីរសៀល។ វាជាពេលរបស់តំបន់ខ្លះនៃរដ្ឋអាឡាស្កានឹងលែងបានឃើញព្រះអាទិត្យរះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ បើស្ថិតនៅខាងចុងជុំវិញតំបន់អាក់ទិក នោះរាត្រីប៉ូលនឹងមានរយៈពេលកាន់តែវែង។ ភូមិនៅក្នុងតំបន់អាក់ទិកខ្លះអាចកើតមានរយៈពេល២៧ថ្ងៃ ទៅដល់ទីក្រុង Utqiaġvik នឹងមានរយៈពេល៦៥ថ្ងៃ។
ភូមិមួយក្នុងរដ្ឋអាឡាស្កា ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ រយៈពេលងងឹតជាប់
រាត្រីប៉ូលគឺជាពាក្យដែលត្រូវប្រើ នៅពេលព្រះអាទិត្យស្ថិតនៅខាងក្រោមជើងមេឃ រយៈពេលជាង២៤ម៉ោង នៅជុំវិញតំបន់ប៉ូល។ នេះបណ្ដាលមកពីរង្វិលរបស់ផែនដី បែរទៅទីតាំងនៃព្រះអាទិត្យ។ ខណៈមុំនៃផែនដីផ្អៀងទៅ២៣.៥អង្សា(ដឺក្រេ) នោះតំបន់នានានៅជុំវិញអាក់ទិក(ប៉ូលខាងជើង)ឬអង់តាក់ទិក(ប៉ូលខាងត្បូង) មិនថាត្រូវបាំងពន្លឺឬត្រូវទទួលពន្លឺទាំងស្រុងពីព្រះអាទិត្យ។
តំបន់ប៉ូលខាងជើង ដែលបាំងពន្លឺព្រះអាទិត្យ នៅចុងឆ្នាំ
ដោយសារតែអឌ្ឍគោលខាងជើងត្រូវឃ្លាតឆ្ងាយពីព្រះអាទិត្យនៅរដូវស្លឹកឈើជ្រុះនិងរដូវរងារ ទើបជុំវិញតំបន់អាក់ទិកក្នុងមុំ២៣.៥អង្សានៃប៉ូលខាងជើង បានជួបប្រទះបាតុភូតចម្លែកមួយនេះក្នុងរយៈពេលពីរខែ នៅពេលព្រះអាទិត្យមិនរះពីលើជើងមេឃ។ ទោះជាយ៉ាងណា វាមិនមានន័យថា ជុំវិញតំបន់អាក់ទិកគឺស្ថិតនៅក្នុងសភាពងងឹតទាំងស្រុងនោះទេ។ ព្រះអាទិត្យគឺស្ថិតនៅមុំ៦អង្សាខាងក្រោមជើងមេឃ វានៅតែមានពន្លឺតិចតួច សម្រាប់ឲ្យយើងអាចមើលឃើញអ្វីៗនៅខាងក្រៅ៕​