បើរាងកាយមានសញ្ញាទាំងនេះ បញ្ជាក់ថា តម្រងនោមដំណើរការមិនល្អ

  • សៅរ៍ ២១ វិច្ឆិកា, ២០២០ ០៩:៤១
តម្រង​នោម​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​រាងកាយ​យើង កាលណា​វា​ធ្វើការ​មិន​បាន​ល្អ​រាងកាយ​យើង​ក៏​ជួប​ផល​រំខាន​មួយ​ចំនួន​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ។ លោក​បាន​បន្ថែម​ទៀត​ថា បើ​ក្នុង​ករណី​តម្រង​នោម​ធ្វើការ​មិន​បាន​ល្អ និង​មិន​បាន​បំពេញ​តួនាទី​សម្អាត​រាងកាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហាប៉ះពាល់ និង​គ្រោះថ្នាក់​ដល់​តម្រងនោម​ជាច្រើន​ដូចជា៖– តម្រង​នោម​ផ្ទុក​ជាតិ​​ពុល​ពេញ
– មាន​ឆ្លង​មេរោគ​ទៅ​ក្នុង​តម្រង​នោម
– កើត​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ
– ខ្សោយ ឬ​ខូច​តម្រង​នោម
– ចូល​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ ធ្វើឲ្យ​ខូច​តម្រង​នោម​ទាំង​ស្រុង អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​តម្រង​នោម​ជាដើម ដែល​តម្រូវ​ឲ្យ​លាង​ឈាម​ជា​ប្រចាំ ឬ​ត្រូវ​ប្ដូរ​តម្រង​នោម​តែ​ម្ដង។ដូចនេះ​បើ​សង្កេត​ឃើញ​ថា​ខ្លួនឯង​មាន​រោគសញ្ញា​មួយ​ចំនួន​ដូច​ខាងក្រោម ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​បញ្ជាក់​ថា​តម្រង​នោម​មាន​ឆ្លង​មេរោគ និង​ដំណើរការ​ខុស​ប្រក្រតី​អ្វី​ឬ ទេ៖  – នោម​ញឹក
– មាន​ការ​ឈឺ​ចុក​ចាប់​នៅ​ពេល​នោម​ម្តង​ៗ
– ពេល​ខ្លះ​នោម​មាន​ឈាម​មក​ជាមួយ
– ឧស្សាហ៍​រាន់​នោម
– ឈឺ​ចុកចាប់​នៅ​ត្រង់​ឆ្អឹង​ខ្នង​ភ្លាម ៗ
– អស់កម្លាំង​ល្ហិតល្ហៃ
– មាន​អាការៈ​ហើម​តាម​រាងកាយ​ជាពិសេស​នៅ​ត្រង់ ដៃ ជើង ប្រអប់ជើង និង​ក្បាល​ជង្គង់
– ចុក ណែន និង​សៀត​ពោះ
– លែង​ឃ្លាន​ចំណីអាហារ និង​ស្រក​ទម្ងន់​ខុស​ពី​ធម្មតា
– ពណ៌​ក្រចក​ដៃ​ប្រែ​ជា​មាន​ស្នាម​រួញ​ៗ
– ស្បែក​ឡើង​កន្ទួល និង​រមាស់
– មាន​អារម្មណ៍​ចង់​ក្អួត​ចង្អោរ និង​ក្អួត​តែ​ម្ដង ឬ​ពិបាក​ដកដង្ហើម  ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet