ឃើញកូនបាក់ទឹកចិត្ត កុំធ្វើមិនដឹងមិនឮ ម៉ាក់ប៉ាអាចជួយដោះស្រាយតាមតិចនិកនេះបាន

  • សៅរ៍ ២១ វិច្ឆិកា, ២០២០ ១៤:២៣
ជំងឺបាក់ទឹកចិត្ត មានកត្តាជំរុញជាច្រើនក្នុងការរស់នៅរាល់ថ្ងៃ ដែលឆាប់វាយលុកទៅដល់ផ្លូវចិត្តរបស់យុវវ័យ ហើយបើបញ្ហាកាន់តែស្មុគស្មាញ កូនៗទប់ទល់លែងជាប់ ច្បាស់ជាមានហេតុការណ៍អាក្រក់កើតឡើងមិនខាន។អ្វីដែលជាបញ្ហានោះ គឺជំងឺបាក់ទឹកចិត្តនៅលើយុវភាព ភាគច្រើនម៉ាក់ប៉ាច្រឡំជាមួយនឹងការប្រែប្រួលអារម្មណ៍ធម្មតាពេលដែលកូនវិវត្តពេញវ័យប៉ុណ្ណោះ។ នេះមានន័យថា ម៉ាក់ប៉ាមិនសូវខ្វាយខ្វល់នឹងអាកប្បកិរិយាអវិជ្ជមានបែបសោកសៅរបស់កូនទេ រហូតដល់កូនអាចធ្វើបាបខ្លួនឯង ឬអាចឈានដល់ប៉ុនប៉ងសម្លាប់ខ្លួន។ ចំពោះក្មេងៗដែលជួបនឹងបញ្ហាបាក់ទឹកចិត្ត ម៉ាក់ប៉ាអាចសង្កេតដឹងបាននៅពេលកូនបង្ហាញសញ្ញាដូចជា៖– ពិបាកចិត្ត ឆាប់មួរមៅ (ពេលខ្លះកូនអាចនិយាយប្រាប់ថាពិបាកចិត្ត ឬមើលទៅដូចចង់យំ)
– ស្រក ឬឡើងទម្ងន់ខ្លាំង
– គេងតិចពេលយប់ ឬគេងច្រើនពេលថ្ងៃ
– ចូលចិត្តសំងំម្នាក់ៗឯង
– បាត់បង់ភាពជឿជាក់លើខ្លួនឯង
– ហាក់អស់កម្លាំង ខ្សោះៗ
– ឈឺចុកចាប់នៅខ្លួន ឥតមូលហេតុ
– គិតពីរឿងស្លាប់ ឬមានគំនិតសម្លាប់ខ្លួន។ល។ដើម្បីជួយដោះស្រាយអារម្មណ៍ខ្មៅងងឹតនេះចេញពីកូនបាន ម៉ាក់ប៉ាត្រូវចេះសម្គាល់រោគសញ្ញាខាងលើ ឬអាកប្បកិរិយាប្លែកៗដែលកូនមិនដែលធ្វើពីមុនមក និងអាចសាកល្បងតាមតិចនិកប៉ុន្មាននេះ៖១. យល់ឲ្យច្បាស់ពីជំងឺបាក់ទឹកចិត្តលើក្មេង
២. ជជែកសួរកូនពីបញ្ហាដែលធ្វើឲ្យពិបាកចិត្ត
៣. កាត់បន្ថយម៉ោងលេងទូរស័ព្ទ
៤. សរសើរ ឬលើកទឹកចិត្តរាល់ទង្វើល្អរបស់កូន
៥. បង្រៀនកូនគ្រប់គ្រងស្ត្រេស ឬជួយកាត់បន្ថយស្ត្រេស
៦. បង្រៀនកូនឲ្យគិតបែបវិជ្ជមាន
៧. ទុកវត្ថុដែលអាចបង្កជាហានិភ័យឲ្យឆ្ងាយពីកូន (កាំបិត កាំភ្លើង បូករួមទាំងស្រា ឬគ្រឿងញៀន)
៨. ជំរុញឲ្យកូនញ៉ាំអាហារល្អៗ ញ៉ាំថ្នាំវីតាមីន គេងបានគ្រប់គ្រាន់ ហាត់ប្រាណ និងបង្កើតទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនបានច្រើន។ល។ក្នុងករណីដែលកូនៗនៅតែបង្ហាញភាពអវិជ្ជមានមកទៀត យើងអាចរកជំនួយពីគ្រូពេទ្យជំនាញចិត្តសាស្ត្រ ព្រោះពេទ្យមានបច្ចេកទេសផ្សេងដើម្បីជួយសម្រួលអារម្មណ៍តានតឹង ឬជួនកាល អាចចេញជាវេជ្ជបញ្ជាទិញថ្នាំលេបក៏ថាបាន។ជាពិសេស ម៉ាក់ប៉ាត្រូវប្រាកដថា យើងជាកម្លាំងចិត្តមួយដែលជួយជំរុញកូនឲ្យរំសាយរាល់ភាពតានតឹងដែលកូនមាន ហើយត្រូវចេះផ្ដល់ភាពកក់ក្ដៅទៅកូន បង្កើតបរិយាកាសរីករាយ និងកក់ក្ដៅក្នុងផ្ទះ។ ចៀសវាងបញ្ហាដែលបង្កើតភាពអាប់អួរក្នុងផ្ទះ បណ្ដាលឲ្យកូនមានអារម្មណ៍ធុញទ្រាន់ពេលចូលដល់ផ្ទះម្ដងៗ។ ជំងឺបាក់ទឹកចិត្តនៅលើយុវភាព មិនមែនជាជំងឺកម្រទេ ហើយមជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លង CDC អាមេរិកឲ្យដឹងថា ៣.២% នៃក្មេងៗអាយុចាប់ពី៣-១៧ឆ្នាំនៅសហរដ្ឋអាមេរិក សុទ្ធតែមានជំងឺបាក់ទឹកចិត្ត។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet