អង្គការណាសាជឿជាក់ថា បឹងមួយក្នុងប្រទេស​តំបន់មជ្ឈិមបូព៌ា អាច​​ជាតម្រុយ​​ទៅនឹងទម្រង់ជីវិត​លើភព​អង្គារ

បរទេស៖ អង្គការណាសាបានប្រកាសថា អាថ៌កំបាំងនៃ​ទម្រង់ជីវិតបុរាណនៅលើភពព្រះអង្គារ អាចនឹងត្រូវបានរកឃើញនៅក្នុងបឹងមួយឈ្មោះថា​ Salda នាប្រទេសតួកគី តាមរយៈការសិក្សាប្រៀបធៀបទៅលើបណ្តុំកម្ទេចកំណនៃសារធាតុរ៉ែខនិចរបស់វា ទៅនឹងសំណាកផ្សេងៗ ដែលគេបានរកឃើញនៅលើភព​ក្រហម (ភពព្រះអង្គារ)។រណ្តៅ​អាចម៍ផ្កាយ Jezero Crater ដែលជាកន្លែងរបស់​យាន​ស្រាវស្រាវ Perseverance ​ចុះចត ត្រូវ​គេជឿជាក់ថា វាធ្លាប់បានជន់លិចទៅដោយទឹករាវ។ យ៉ាងណាមិញ ព័ត៌មានដែលប្រមូលបានពីបឹង Salda នឹងអាចជួយអ្នកជំនាញស្វែងរកដាន​ផូស៊ីលនៃទម្រង់ជីវិតរបស់ពពួក​មីក្រុប ​នៅក្នុងសណ្ឋានដីបាតបឹងនៅលើ​ភពអង្គារ ថាតើវាអាចមានពិតមែន ឬក៏យ៉ាងណា។គួរឱ្យដឹងដែរថា ក្រុមអ្នកជំនាញក៏នឹងធ្វើការប្រៀបធៀបកម្ទេចកំណប្រមូលបានពីបឹង Salda ជាមួយនឹងពពួកសារធាតុរ៉ែកាបូណាត ដែលត្រូវបានរកឃើញមាត់រណ្តៅ​អាចម៍ផ្កាយ Jezero Crater ។ ដោយឡែក គំរូថ្មដែលគេខួងបាននៅលើផ្ទៃភពអង្គារ នឹងត្រូវ​រក្សាទុកនៅលើភពនេះបណ្តោះអាសន្ន ហើយគេនិងបញ្ជូនវាមកផែនដីតាមរយៈបេសកកម្ម​អវកាសចំនួនពីរនាពេលអនាគត ដែលអាចនឹងធ្វើឡើងនៅដើមឆ្នាំ ២០៣១៕
អ្នកវិទ្យាសាស្រ្តនិយាយថា សារធាតុដែលរកបាននៅក្បែរបឹង គឺមានលក្ខណៈ​ប្រហាក់ប្រហែលគ្នា ទៅសារធាតុរកបាននៅភពអង្គារ
យាន​ស្រាវស្រាវ Perseverance របស់ណាសា
អ្នកវិទ្យាសាស្ត្រសង្ឃឹមថា ពួកគេនឹងអាចរកឃើញពីអាថ៌កំបាំងនៃទម្រង់ជីវិតនានាលើភពព្រះអង្គារ