អ្នកវិទ្យាសាស្រ្ដ រកឃើញភពមួយស្រដែងនឹងភពផែនដី អាចបង្កើតស្រទាប់បរិយាកាសខ្លួនឡើងវិញ

បរទេស៖ អង្គការណាសា បានប្រាប់ឱ្យដឹងថា អ្នកវិទ្យាសាស្រ្ដបានរកឃើញភពមួយ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងភពផែនដី ​និងអាចបង្កើតស្រទាប់បរិយាកាសខ្លួនឡើងវិញបាន។ក្រុមតារាវិទូ បានគូសបញ្ជាក់ថា ភពមួយមានឈ្មោះថា GJ 1132 b គឺគ្មានអ្វី ដែលគួរឱ្យចាប់អារម្មណ៍នោះទេ នៅពេលកែវយឺតអវកាស Hubble បានប្រទះឃើញដំបូង ក៏ព្រោះតែសណ្ឋានភាពសម្បូរដោយថ្ម ហើយស្រទាប់បរិយាកាសរបស់វាត្រូវបានបំផ្លាញ ដោយសារព្រះអាទិត្យរបស់វា។ប៉ុន្ដែពួកគេបានប្រែគំនិតវិញ បន្ទាប់ពីបានរកឃើញ ស្រទាប់បរិយាកាសទី ២របស់ភពនេះ កំពុងស្ថិតនៅផ្ទៃខាងលើតំបន់ភ្នំភ្លើង ដែលមានចម្ងាយប្រមាណ ៤១ឆ្នាំពន្លឺ ពីភពផែនដី។ ស្រទាប់បរិយាកាសនោះ ត្រូវបានបង្កើតឡើងដោយ អ៊ីដ្រូសែន, អ៊ីដ្រូសែន cyanide, មេតាន និងផ្សែងអ័ព្ទស្រដៀងនឹងអ័ព្ទរបស់ភពផែនដីដែរ ហើយវាបញ្ចូនទៅលើបរិយាកាស ដោយសារបន្ទុះភ្នំភ្លើងសកម្ម។​ដំបូងឡើយ ភពខាងលើនេះ គឺជាភពដែលមានឧស្ម័នរុំព័ទ្ធ ជាមួយស្រទាប់អ៊ីដ្រូសែនក្រាស់ឃ្មឹក និងមានទំហំធំជាងផែនដីជាច្រើនដង។ ប៉ុន្ដែ ដោយសារវាទទួលរងកាំរស្មីព្រះអាទិត្យរបស់វាខ្លាំងពេក ទើបធ្វើឱ្យបាត់បង់ស្រទាប់បរិយាកាសអ៊ីដ្រូសែន និងអេលីយ៉ូមបន្ដិចម្ដងៗ។គួរជម្រាបថា រវាង ដង់ស៊ីតេ ទំហំ សម្ពាធបរិយាកាស ព្រមទាំងអាយុកាល ៤.៥លានឆ្នាំ និងចាប់ផ្ដើមកកើត ដោយស្រទាប់បរិយាកាសអ៊ីដ្រូសែន ភព GJ 1132 b ខុសនឹងភពផែនដី គឺគន្លងនៃភព GJ 1132 b នៅជិតនឹងព្រះអាទិត្យរបស់វាពេក៕
ភពGJ ១១៣២b
កែវយឺតអវកាសHubble
ភព GJ ១១៣២b និងព្រះអាទិត្យរបស់វា