បើហាត់ប្រាណនៅក្រៅមិនបាន ហាត់ប្រាណបែបនេះក៏ជួយឲ្យអ្នកមានសុខភាពល្អ

  • អាទិត្យ ២៥ មេសា, ២០២១ ១៧:៣៨
យល់ដឹង៖ ជាការពិតណាស់ សព្វថ្ងៃនេះប្រជាជនភាគច្រើនបានយល់ដឹងពីអត្ថប្រយោជន៍ និងសារសំខាន់នៃការហាត់ប្រាណ ពីព្រោះការហាត់​ប្រាណគឺ​មាន​ប្រសិទ្ធ​ភាព​មិន​ត្រឹម​តែ​ជួយ​ដុត​ខ្លាញ់​អាក្រក់​ចោល​នោះទេ វា​ក៏​ជួយ​ទ្រទ្រង់​សុខភាព​បេះ​ដូង និង​​ជួយ​ធ្វើ​ឲ្យ​យើង​​មាន​រាង​ស្អាត​ផង​​ដែរ។ដោយឡែក នៅសម័យកាន់តែទំនើបនេះមនុស្សភាគច្រើនចូលចិត្ត ចំណាយពេលវេលាចេញទៅធ្វើការហាត់ប្រាណនៅតាមក្លឹបបង្វឹកហាត់ប្រាណនានាដោយមានឧបករណ៍ទំនើបៗ ក៏ដូចជាមានគ្រូសម្រាប់បង្រៀនអំពីក្បាច់ហាត់ផ្សេងៗតាមវិធីស្ដង់ដារបស់ពួកគេ។ យ៉ាងណាមិញ នៅក្នុងកាលៈទេសៈនេះ ដោយមានការរីករាលដាលជាខ្លាំងនូវជំងឺកូវីដ-១៩ ដោយតម្រូវឲ្យប្រជាជនស្ថិតនៅតែក្នុងផ្ទះ ដូច្នេះអ្នករាល់គ្នា ប្រាកដជាមិនអាចចេញទៅហាត់ប្រាណនៅតាមក្លឹបដូចសព្វដងនោះទេ ប៉ុន្តែប្រាកដណាស់បើទោះបីជាអ្នកទាំងអស់គ្នាមិនអាចចេញទៅហាត់ប្រាណនៅខាងក្រៅដូចមុន ក៏ប៉ុន្តែអ្នកទាំងអស់គ្នាអាចមកសាកល្បង វិធីប៉ុន្មានរបៀបនេះខាងក្រោមនេះ ទោះជានៅផ្ទះក៏ទទួលបានសុខភាពល្អ ផងដែរ។ទី១. លំហាត់ប្រាណដោយការដើរ 
រូបតំណាង
ការធ្វើលំហាត់ប្រាណដើរនេះ អ្នកអាចដើរជុំវិញផ្ទះ អ្នកអាចដើរតាមសួននៅក្បែរផ្ទះ អ្នកអាចដើរឡើងតាមកាំជណ្តើរ វាជួយសម្រកទម្ងន់ និងប្រព័ន្ធរាងកាយកាន់តែរឹងមាំ។ អ្នកចាំបាច់ទិញឧបករណ៍ហាត់ប្រាណថ្លៃ ៗ ហើយអ្នកមិនចាំបាច់រកពេលវេលាល្អបំផុតនោះទេ។ ការដើរនេះ ក៏មានអត្ថប្រយោជន៍សុខភាពបានច្រើន។មនុស្សយើងភាគច្រើនមានរាងកាយធាត់ ដោយសារសម័យកូវីដ ១៩ មានការឆ្លងច្រើន យើងនៅក្នុងផ្ទះ និងចេញខាងក្រៅបានតិចតួច យើងអាចធ្វើលំហាត់ប្រាណដើរនេះឱ្យច្រើន ដើម្បីដុតជាតិខ្លាញ់។ ការដើរក្នុងល្បឿនមធ្យមរយៈពេល ១០-២០ នាទី វាមានជះឥទ្ធិពលដល់ការបំបែកជាតិខ្លាញ់ក្នុងខ្លួនបានល្អ។ទី២.រត់នៅមួយកន្លែង
រូបតំណាង
ការហាត់ប្រាណបែបរត់តិចនៅជុំវិញផ្ទះ ជាលំហាត់ប្រាណជួយដំណើរបេះដូងដ៏ពេញនិយម។ ហើយបើអ្នកចង់ហាត់ប្រាណស្រួលនៅក្នុងផ្ទះ ការរត់តិចនេះ វាអាចបង្កើនអាំងតង់ស៊ីតេដោយលើកជង្គង់បានល្អពេលកំពុងរត់(សន្លាក់រឹងមាំ)។ ពេលអ្នករត់នេះ វាបានបញ្ចេញអ័រម៉ូនពីផ្នែកមួយនៃខួរក្បាល ដើម្បីជួយសម្រួលផ្លូវចិត្ត និងកាត់បន្ថយស្រ្តេស។ទី៣.ការលោត
រូបតំណាង
សូមអ្នកលោតចុះ លោតឡើង ពីព្រោះវាជួយសុខភាពអ្នកច្រើនផ្នែកដូចជាកាត់បន្ថយស្រ្តេស និងសម្រកគីឡូ...។ ហើយវាមិនត្រូវការកន្លែងទំនេរច្រើនទេ អ្នកអាចហាត់លោតនៅផ្ទះក៏បាន ហើយអ្នកអាចធ្វើបានគ្រប់ទីកន្លែង និងគ្រប់ពេលដែលអ្នកចង់ធ្វើ។ ហើយការលោតនេះ ជួយដល់ការរំលាយអាហារឱ្យដំណើរការល្អជាងមុនផងដែរ។ទី៤.លំហាត់ប្រាណយូហ្កា
រូបតំណាង
លំហាត់ប្រាណយូហ្គានេះ ជួយដល់សុខភាព និងផ្លូវចិត្តបានល្អ។ ការហាត់ប្រាណយូហ្គានេះ ជួយដោះស្រាយបញ្ហាជំងឺសន្លាក់ និងការការពារឆ្អឹងបានល្អ។ វាជួយភាពបត់បែន និងបង្កឱ្យសាច់ដុំរបស់អ្នកលាតសន្ធឹង និងបង្កើនចលនារាងកាយរបស់អ្នក។ ដោយមានការអនុវត្តជាទៀងទាត់ លំហាត់នេះនឹងបង្កើនភាពបត់បែនសរសៃឈាមបានល្អ។ មានដូចរូបខាងលើ៕