អុញ! លោក Elon Musk បង្ហើបថា គាត់មិនរីករាយនឹងធ្វើជា មេក្រុមហ៊ុនឡាន Tesla ទេ

បរទេស៖ លោក Elon Musk បានបង្ហើបថា គាត់មិនពេញចិត្តនឹងការធ្វើជាចៅហ្វាយរបស់ក្រុមហ៊ុន Tesla ទេ។ គាត់បានប្រាប់តុលាការអាមេរិកថា៖ «ខ្ញុំស្អប់វាគួរសម ហើយចង់ចំណាយពេលរបស់ខ្ញុំ លើការរចនានិងវិស្វកម្ម។» ស្ថាបនិកមហាសេដ្ឋីរបស់ក្រុមហ៊ុន Tesla បាននិយាយនៅឯការចាប់ផ្ដើមនៃការជំនុំជម្រះមួយ ដែលគាត់ត្រូវបានចោទប្រកាន់ថា បានដាក់សម្ពាធលើសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះ ទៅក្នុងកិច្ចព្រមព្រៀង២.៦ប៊ីលានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនផលិតបន្ទះសូឡា។ អ្នកចូលហ៊ុនជាច្រើនអះអាងថា លុយរបស់ក្រុមហ៊ុនផលិតឡានត្រូវបានខ្ជះខ្ជាយក្នុងការទិញយក ក្រុមហ៊ុន SolarCity ដែលពួកគាត់និយាយថា កំពុងខ្វះខាតលុយ។
លោក Elon Musk
នៅពេលនៃកិច្ចព្រមព្រៀង លោក Musk កាន់កាប់ភាគហ៊ុន២២ភាគរយ ទាំងនៅក្នុងក្រុមហ៊ុន Tesla និងក្រុមហ៊ុនបន្ទះសូឡា ដែលត្រូវបានបង្កើតឡើងដោយបងប្អូនជីដូនមួយរបស់គាត់។ លោកក៏បានបដិសេធការដាក់សម្ពាធ លើសមាជិកក្រុមប្រឹក្សាភិបាលផងដែរ ដោយនិយាយថា កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃផែនការមេ ដើម្បីបង្កើតយានយន្តដែលមានតម្លៃសមរម្យ ជាមួយនឹងការផ្គត់ផ្គង់ថាមពលបៃតង៕ប្រភព: BBC