មកមើលគំរូនាវាកម្សាន្ត លំដាប់ហាយសូ រីឯតម្លៃវិញកប់ពពក

បរទេស៖ អ្នករចនាបានបង្កើតគំនិត អំពីនាវាមួយត្រូវបានបំពាក់កម្លាំងរុញទៅមុខបែបកូនកាត់ ដែលមានម៉ាស៊ីនភ្លោះនិងប្រព័ន្ធបាញ់ចេញទឹកអេឡិចត្រូនិកកណ្ដាល ដែលនឹងបង្កើតការបំភាយតិចជាងមុន ហើយជាលទ្ធផលអាចធ្វើឲ្យវាមានល្បឿនអតិបរមា 30 Knots។ ដោយមានបន្ទប់សម្រាប់ភ្ញៀវរហូតដល់២០នាក់ រួមជាមួយបន្ទប់សម្រាប់សមាជិកនាវិកចំនួន២០នាក់ផងដែរ នាវា Saturnia ដែលត្រូវបានបំពាក់ដោយពិដានខ្ពស់និងបង្អួចធំៗ និងត្រូវបែងចែកជា៥ជាន់ផ្សេងៗគ្នា និងមានតំបន់អង់តែនៅលើដំបូលផងដែរ។ ផ្នែកខាងក្នុងអាចត្រូវបានរៀបចំ តាមតម្រូវការរបស់ម្ចាស់។ ​​ នាវាប្រវែង១០០ម៉ែត្រនេះត្រូវបានរចនាឡើង ដោយផលិតពីសរសៃកាបូនស្ងួត ដែលធ្វើឲ្យវាមានទម្ងន់ ៥០ភាគរយស្រាលជាងនាវាផ្សេងទៀត ទំហំប្រហែលគ្នា ​ដែលផលិតពីអាលុយមីញ៉ូម ដែក ឬដែកថែប នេះបើយោងតាមក្រុមអ្នករចនា។ មានតែបញ្ហាមួយប៉ុណ្ណោះ គឺការស្វែងរកអ្នកទិញ ដែលមានឆន្ទៈក្នុងការឲ្យតម្លៃប្រហែល៣៥០លានដុល្លារ ដែលនឹងធ្វើឲ្យគំរូនាវានេះលេចចេញជារូបរាងឡើង។ គ្មានអ្វីគួរឲ្យឆ្ងល់ឡើយថា ចំណុចដ៏ពិសេសរបស់វាគឺមានចំណតសម្រាប់កូនទូក អាចធ្វើការឆ្លងកាត់ពីខាងក្រោមនៃនាវា។ ខណៈពេលដែលនាវា Saturnia កំពុងស្ថិតនៅក្នុងគំនិតដំណាក់កាលដំបូងនៃដំណើររចនា គម្រោងនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយក្រុមអ្នករចនា Lazzarini Design Studio សង្ឃឹមថា អតិថិជននឹងមកទិញ។ ប្រសិនបើគំនិតនេះត្រូវបានជ្រើសរើស វានឹងចំណាយពេលប្រហែល២ឆ្នាំកន្លះ ដើម្បីបញ្ចប់ការសាងសង់ ដែលមានន័យថា យើងអាចមើលឃើញនាវា Saturnia លេចចេញរូបរាងពិតប្រាកដ នៅក្នុងឆ្នាំ២០២៤៕
ប្រភព: CNN