កប់ណាស់! ប្រទះឃើញរថយន្ត Lamborghini ចតលើផ្លូវ មានស្លាកលេខថ្លៃជាងតម្លៃរថយន្តរាប់លានដុល្លារ

បរទេស៖ រថយន្ត Lamborghini Aventador SVJ Roadster គឺជារថយន្តដ៏ស្រស់ប្រណិត ជាមួយតម្លៃចាប់ផ្ដើមពី៥៧៤,០០០ដុល្លារ ដែលជារថយន្តថ្លៃបំផុតនៅក្នុងសែស្រឡាយ Aventador។ ប៉ុន្តែចំពោះរថយន្តដដែលនេះ មានតម្លៃរហូតដល់១២លានដុល្លារ។ ដោយប្រទះឃើញនៅក្នុងប្រទេសម៉ូណាកូ កាលពីចុងខែមុន ដោយ YouTuber ឈ្មោះ Fipeux វាជាកម្មសិទ្ធិរបស់បុរសអាថ៌កំបាំងម្នាក់មកពីប្រទេសកាតា។ ប្រសិនបើពួកយើងឆ្ងល់ថាអ្វីដែលធ្វើឲ្យរថយន្តមួយគ្រឿងនេះមានតម្លៃដល់ថ្នាក់នេះ នោះមិនមែនមកពីការកែឡានដែលដាំពេជ្រពីខាងក្រៅឬខាងក្នុងនោះទេ ប៉ុន្តែដោយសារតែស្លាកលេខរបស់វាតែម្ដង។ បើតាមការបង្ហោះនៅលើគេហទំព័រ DriveTribe បានឲ្យដឹងថា នេះជាស្លាកលេខពិសេស ដែលចេញដោយប្រទេសកាតា។ នៅប្រទេសកាតា ស្លាកលេខដែលមានតួលេខតិច គឺមានតម្លៃកាន់តែខ្ពស់ ហើយស្លាកលេខរបស់រថយន្តនេះវិញគឺ 123 ដែលត្រូវបានគេរាយការណ៍ថា បានទិញក្នុងការដេញថ្លៃក្នុងតម្លៃ១១.៧៦លានដុល្លារ។ វាមានតម្លៃថ្លៃជាងរថយន្តរបស់វា២០ដង។ គួរបញ្ជាក់ថា រថយន្តមួយនេះអាចបង្កើនល្បឿនពី០ឡើងដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ២.៩វិនាទីតែប៉ុណ្ណោះ និងមានល្បឿនអតិបរមាន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយនឹងរឿងរ៉ាវនៃស្លាកលេខដែលមានតម្លៃថ្លៃនេះ ប្រហែលវាជាម៉ូឌែលដែលមានតម្លៃបំផុតក្នុងពិភពលោក ដែលត្រូវបានគេយកមកពិភាក្សាយ៉ាងក្ដៅគគុកនៅលើប្រព័ន្ធអនឡាញ៕
ប្រភព: Autoevolution