បញ្ហាកង្វះខាតបន្ទះឈីបលើពិភពលោក បាននាំឲ្យក្រុមហ៊ុនរថយន្តល្បីៗជាច្រើន កាត់បន្ថយការផលិត

បរទេស៖ ក្រុមហ៊ុន Toyota នឹងកាត់បន្ថយការផលិតរថយន្តនៅទូទាំងពិភពលោក ចំនួន៤០ភាគរយ នៅក្នុងខែកញ្ញា ដោយសារតែកង្វះមីក្រូឈីបជាសកល។ ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ពិភពលោកមួយនេះ បានគ្រោងផលិតរថយន្តជិត៩០០,០០០គ្រឿង នៅខែក្រោយ ប៉ុន្តែឥឡូវនេះបានកាត់បន្ថយមកត្រឹម៥៤០,០០០គ្រឿងវិញ។ ក្រុមហ៊ុន Volkswagen ដែលជាក្រុមហ៊ុនផលិតរថយន្តធំទី២របស់ពិភពលោក បានព្រមានថា ខ្លួនក៏អាចបង្ខំចិត្តកាត់បន្ថយការផលិតបន្ថែមទៀតដែរ។ ជំងឺរាតត្បាតសកលកូវីដ បានបង្កើនតម្រូវការឧបករណ៍ដែលប្រើប្រាស់ឈីប ដូចជាទូរសព្ទ ទូរទស្សន៍ និងហ្គេម consoles។
រូបតំណាង
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ដែលបានកាត់បន្ថយផលិតផលនៅដើមឆ្នាំនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា៖ «បច្ចុប្បន្ន យើងបានគិតថា ការផ្គត់ផ្គង់បន្ទះឈីបនៅត្រីមាសទី៣ នឹងប្រែប្រួលរហ័សនិងយ៉ាប់យ៉ឺន»។ គូប្រជែងផ្សេងទៀតរបស់ Toyota រួមមានក្រុមហ៊ុន General Motors, Ford, Nissan, Daimler, BMW និង Renault បានកាត់បន្ថយផលិតផលរួចទៅហើយ ដោយសារការប្រឈមមុខនឹងការខ្វះខាតបន្ទះឈីបពិភពលោក៕ប្រភព: BBC