ទីក្រុងប៉ារីសកំណត់ល្បឿនបើកបរ ៣០គីឡូម៉ែត្រ/ម៉ោង ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន តែមតិមួយចំនួនមានការមិនពេញចិត្ត

បារាំង៖ អាជ្ញាធរទីក្រុងប៉ារីសប្រទេសបារាំងកំពុងជំរុញឲ្យអ្នកបើកបរបន្ថយល្បឿន និងកំណត់ល្បឿនស្ទើរតែគ្រប់ផ្លូវទាំងអស់ក្នុងទីក្រុង ក្នុងគោលបំណងកាត់បន្ថយការបំពុលបរិស្ថាន និងបង្កើនសុវត្ថិភាពចរាចរណ៍។ ប៉ុន្តែតើវានឹងដំណើរការទេ? មានសំណួរជាច្រើន ថាតើច្បាប់កំណត់ល្បឿនអ្នកបើកបរត្រឹម៣០គីឡូម៉ែត្រក្នុងមួយម៉ោង ពិតជានឹងកាត់បន្ថយការបំពុលបរិស្ថានដែរទេ។ អ្នករិះគន់ខ្លះនិយាយថា វានឹងធ្វើឲ្យមានការកកស្ទះចរាចរណ៍កាន់តែខ្លាំងក្នុងម៉ោងដ៏ប្រញាប់របស់ទីក្រុង និងអាចបង្កើនការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ យោងតាមការស្ទង់មតិមួយដោយសាលាក្រុងប៉ារីសបានឲ្យដឹងថា ប្រជាជននៅទីក្រុង៥៩ភាគរយពេញចិត្តនឹងការកំណត់ថ្មី ដែលបានចូលជាធរមានកាលពីថ្ងៃចន្ទ ប៉ុន្តែការប្រឆាំងមានចំនួនខ្ពស់ជាងនៅក្នុងតំបន់ Île-de-France ដែលមាន៦១ភាគរយ។ អភិបាលក្រុងរងរបស់ប៉ារីស លោក David Belliard ដែលទទួលខុសត្រូវផ្នែកដឹកជញ្ជូនបានប្រាប់ទៅកាន់ទូរទស្សន៍ BFMTV ថា ក្ដីសង្ឃឹមគឺជាដែនកំណត់ ដែលនឹងធ្វើឲ្យមនុស្សកាន់តែច្រើនឈប់បើកបរ និងលើកទឹកចិត្តឲ្យមានការដើរ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងជិះកង់កាន់តែច្រើន។ មន្ត្រីសាលាក្រុងបាននិយាយថា ការផ្លាស់ប្ដូរនេះនឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍សរុបប្រមាណ២៥ភាគរយ និងគ្រោះថ្នាក់ស្លាប់៤០ភាគរយ ដោយបង្ហាញពីការសិក្សារបស់អង្គការសុខភាពពិភពលោក។ ពួកគាត់ប៉ាន់ស្មានថា ការបំពុលសំឡេងនឹងថយចុះពាក់កណ្ដាល ដោយនិយាយថាសំឡេងរំខានចរាចរណ៍មានផលប៉ះពាល់អវិជ្ជមាន ទាំងផ្លូវកាយនិងផ្លូវចិត្ត រួមទាំងភាពតានតឹង ការគេងមិនលក់ និងជំងឺបាក់ទឹកចិត្ត៕
ការធ្វើចរាចរណ៍ក្នុងទីក្រុងប៉ារីស
ផ្លាកសញ្ញាតំបន់កំណត់ល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោង
ប្រភព: CNN