កត់ចំណាំទុក!​ ពណ៌សម្បោរអាចប្រាប់ពីភាពធ្ងន់ធ្ងរនៃសុខភាពយើង!

  • អង្គារ ០៧ កញ្ញា, ២០២១ ១៦:០៣
សម្បោរមានតួនាទីទប់បាក់តេរី វីរុស ធូលី ផ្សែងជាដើម មិនឱ្យចូលក្នុង​សួត​​របស់យើង​តាមរយៈ​ច្រមុះ​ និងបញ្ចេញពួកវាពីរាងកាយយើង។ សម្បោរអាច​ប្រែពណ៌ ប្រសិនបើរាង​កាយយើងជួប​បញ្ហា​ណាមួយ។ តើពណ៌របស់សម្បោរ​អាចប្រាប់អ្វីខ្លះពីសុខភាពរបស់យើង។

១. សម្បោរពណ៌ស

ប្រសិនបើមានវីរុសចូលតាមច្រមុះ ប្រព័ន្ធការពាររាងកាយយើងផលិត​កោសិកាឈាម​សកាន់តែ​ច្រើន​ដើម្បីកម្ចាត់វីរុសចេញពីច្រមុះ ដែលធ្វើឱ្យសម្បោរប្រែពណ៌ស។ វាជាសញ្ញានៃការឆ្លង​វីរុសក្នុង​ច្រមុះ ឬផ្តាសាយ។ នៅពេលយើងតឹងច្រមុះ ជាលិកានៅច្រមុះនឹងហើម ហើយរលាកដែល​ធ្វើឱ្យ​លំហូរសម្បោរថយចុះ។ ពេលនោះសម្បោរបាត់បង់ជាតិទឹក រួចក្លាយទៅជាខាប់។

២. សម្បោរពណ៌លឿង

េលកើតជំងឺផ្តាសាយ វីរុសទាំងអស់នោះវិវត្តមួយកម្រិតទៀត សម្បោរប្រែជាពណ៌លឿង។។ ពេល​នេះប្រព័ន្ធការ​ពារ​រាង​កាយ​កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសក្នុងកម្រិតមធ្យម ។

៣. សម្បោរពណ៌បៃតង

នៅពេលសម្បោរប្រែជាពណ៌បៃតង រាងកាយរបស់យើងកំពុងនឹងការឆ្លងវីរុសកម្រិតធ្ងន់ហើយ ក៏​មាន​ន័យថា​ជំងឺផ្តាសាយកាន់តែវិវត្តធ្ងន់ធ្ងរដែរ។

៤. សម្បោរថ្លា

ប្រសិនបើយើងមានសម្បោរថ្លាច្រើន ហើយមានអារម្មណ៍ថាវាហូរចូលបំពង់កខាងក្រោយ មានន័យ​ថាយើងកំពុងអាលែកហ្ស៊ីនឹងអ្វីមួយហើយ ដោយសាររាងកាយយើងកំពុងបញ្ចេញធូលី លម្អងផ្កា ឬ​សារធាតុដែលធ្វើឱ្យយើងអាលែកហ្ស៊ី។ វាក៏អាចជាសញ្ញារលាកច្រមុះដែរ ប្រសិនបើមាន​អាការៈ​ឈឺ​ក្បាល ឬឈឺមុខ។ ម៉្យាងទៀតវាអាចជាសញ្ញា vasomotor rhinitis ដែលជាអាការៈដែលមនុស្ស​មួយ​ចំនួនជួបប្រទះ នៅពេលប៉ះនឹងសីតុណ្ហភាពត្រជាក់ ឬញ៉ាំអាហារហឹរ។

៥. សម្បោរថ្លានិងរាវដូចទឹកម៉ាស៊ីន

ការហូរសម្បោរថ្លា និងរាវដូចទឹកម៉ាស៊ីនអាចបណ្តាលមកពីការលេចធ្លាយសារធាតុរាវជុំវិញខួរក្បាល (CSF) នៅពេលមានការរហែក ឬមានរន្ធនៅក្នុងភ្នាសជុំវិញខួរក្បាល។ វាអាចកើតឡើងដោយ​ឯក​ឯង​ ឬដោយសារការប៉ះទង្គិចក្បាល ឬការវះកាត់ច្រមុះ។

៦. សម្បោរពណ៌ផ្កាឈូក ឬពណ៌ក្រហម

ការដាច់ជាលិកាណាមួយនៅក្នុងច្រមុះនឹងធ្វើឱ្យមានឈាមក្នុងច្រមុះ ដែលបណ្តាលឱ្យសម្បោរ​ប្រែ​ជាពណ៌ផ្កាឈូក ឬពណ៌ក្រហម។ វាអាចកើតឡើតដោយ​សារការញីសសម្បោរ ឬជូតច្រមុះខ្លាំងៗ ឬការស្ងួតច្រមុះ។

៧. សម្បោរពណ៌ប្រផេះ

ការមានសម្បោរពណ៌ប្រផេះអាចបណ្តាលមកពីការស្រូបធូលី ផ្សែង ផ្សែងបារី ឬកំទេចកំទីផ្សេងៗ។

៨. សម្បោរពណ៌ខ្មៅ

វាអាចបណ្តាលមកពីការស្រូបផ្សែង ឬផ្សែងបារីច្រើន តែវាក៏អាចបណ្តាលមក​ពីការឆ្លងមេរោគ​ផ្សិត​ដែរ។នៅពេលដែលយើងមានបញ្ហាសុខភាព សម្បោរនឹងប្រែសភាព និងពណ៌ដោយ​សារ​ប្រព័ន្ធការពារ​រាងកាយកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនានា។ ប្រសិនបើយើងគត់សម្គាល់​ឃើញភាពមិន​ប្រក្រតីណាមួយ ត្រូវប្រញាប់​ទៅជួបគ្រូពេទ្យជាបន្ទាន់។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet