មកដឹងពីពាក្យចចាមអារ៉ាមជុំវិញវ៉ាក់សាំងកូវីដ-១៩ ខុសពីការពិតទាំងស្រុង!

វ៉ាក់សាំង​កូវីដ-១៩ ប្រៀប​បាន​នឹង​ឱសថ​ចាំបាច់​សម្រាប់​ជួយ​ការពារ​សុខភាព និង​ជីវិត​យើង​ពី​ជំងឺ​កូវីដ-១៩ វាយ​ប្រហារ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​បាន។ ខណៈ​ពេល​វ៉ាក់សាំង​កូវីដ-១៩ ជា​រនាំង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​មិន​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​ធ្ងន់ធ្ងរ ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ជុំ​វិញ​ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​វា​ដែរ។ ពាក្យចចាមអារ៉ាម ៥ ធំៗ​ជុំ​វិញ​វ៉ាក់សាំង​កូវីដ-១៩មាន​ដូច​ជា៖

១. វ៉ាក់សាំង​កូវីដ-១៩ គ្មាន​សុវត្ថិភាព​ព្រោះ​ផលិត​បាន​ក្នុង​រយៈ​ខ្លី

ពាក្យចចាមអារ៉ាម​នេះ​គឺ​មិន​ពិត​ទេ។ ទោះ​វ៉ាក់សាំង​កូវីដ-១៩ ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​ការ​សាក​ល្បង​ព្យាបាល ដើម្បី​ពិនិត្យ​មើល​សុវត្ថិភាព និង​ប្រសិទ្ធភាព​មិន​ត្រូវ​បាន​ប្រញាប់ប្រញាល់​ទាល់​តែ​សោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត Dennis Cunningham នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៃ​ការ​ត្រួត​ពិនិត្យ និង​ការ​ពារ​ការ​ឆ្លង​មេរោគ​នៅ​​ Henry Ford Health System។ម៉្យាង​វិញ​ទៀត ជំងឺ​កូវីដ-១៩ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​គ្រួសារ​វីរុស​កូរ៉ូណា​ដទៃ​ទៀត​ដែល​ធ្លាប់​កើត​លើ​មនុស្ស​យើង​រួច​ដូច​ជា MERS និង SARS ដូច្នេះ​ក្រុម​គ្រូពេទ្យ​មាន​ការ​ស្រាវជ្រាវ​ពី​មុន​ដែល​អាច​ជា​គំរូ ដើម្បី​ពន្លឿន​ដំណើរ​ការ​ទប់​ទល់​វីរុស​កូរ៉ូណា​លើក​នេះ។

២. ចាក់​វ៉ាក់សាំង​ហើយ អាច​ជួប​បញ្ហា​អត់​កូន

មក​ដល់​ថ្ងៃ​នេះ គ្មាន​ទិន្នន័យ​ពី​ការ​សាក​ល្បង​ព្យាបាល ឬ​ទ្រឹស្ដី​ណា​មួយ​បញ្ជាក់​ថា ហេតុ​អ្វី ឬ​របៀប​ណា​ដែល​វ៉ាក់សាំង​កូវីដ-១៩ បង្ក​បញ្ហា​អត់​កូន​ដល់​អ្នក​ចាក់​ទេ។ ស្ត្រី​ដែល​បាន​ចូល​រួម​ក្នុង​ការ​សាក​ល្បង​ព្យាបាល​ជំងឺ​កូវីដ-១៩ អាច​មាន​ផ្ទៃ​ពោះ​បាន​ធម្មតា។កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

៣. វ៉ាក់សាំង​កូវីដ-១៩ អាច​ផ្លាស់​ប្ដូរ DNA

វ៉ាក់សាំង​កូវីដ-១៩ មួយ​ចំនួន​ផលិត​ឡើង​ដោយ​រូបមន្ត mRNA ដើម្បី​ការ​ពារ​យើង។ លោក​វេជ្ជបណ្ឌិត Cunningham បាន​ឲ្យ​ដឹង​ថា mRNA ផ្ដល់​ឲ្យ​កោសិកា​របស់​យើង​នូវ​ប្លង់​មេ​សម្រាប់​រោង​ចក្រ​ដែល​នឹង​បង្កើត​ប្រូតេអ៊ីន ដើម្បី​ការពារ​យើង​ពី​ជំងឺ​កូវីដ-១៩។ មនុស្ស​មួយ​ចំនួន​ខ្លាច​ថា mRNA នឹង​ធ្វើ​ឲ្យ​មេរោគ​ចូល​ទៅ​ផ្លាស់​ប្ដូរ DNA របស់​យើង ប៉ុន្តែ​វា​មិន​ប៉ះពាល់​សូម្បី​តែ​បន្តិច។

៤. ធ្លាប់​កើត​កូវីដ-១៩​ម្ដង​ហើយ មិន​ចាំ​បាច់​ចាក់​វ៉ាក់សាំង​ការពារ​ទេ

ទោះ​បី​ជា​យើង​ធ្លាប់​កើត​កូវីដ-១៩ រួច​ហើយ​ក៏​ដោយ យើង​គួរ​តែ​ចាក់​វ៉ាក់សាំង​ការពារ​បន្ថែម។ ទិន្នន័យ​ថ្មី​បង្ហាញ​ថា វ៉ាក់សាំង​ផ្ដល់​នូវ​ការ​ការពារ​បាន​ល្អ​ជាង​ភាព​ស៊ាំ​ធម្មជាតិ​បន្ទាប់​ពី​ឆ្លង​មេរោគ​រួច។​

៥. យើង​អាច​កើត​កូវីដ-១៩ ក្រោយ​ចាក់​វ៉ាក់សាំង​ហើយ

វេជ្ជបណ្ឌិត Cunningham មាន​ប្រសាសន៍​ថា គ្មាន​មេរោគ​រស់​នៅ​ក្នុង​វ៉ាក់សាំង​ទេ ដូច្នេះ​វ៉ាក់សាំង​កូវីដ-១៩​មិន​អាច​ចម្លង​យើង​បាន​ឡើយ។ ក្រោយ​ចាក់​វ៉ាក់សាំង​រួច យើង​អាច​មាន​ផល​រំខាន​តិច​តួច​ដូចជា ក្ដៅ​ខ្លួន ឈឺ​ក្បាល ប៉ុន្តែ​នោះ​គឺ​ដោយសារ​រាងកាយ​យើង​កំពុង​បង្កើត​អង់ទីករ​ទប់​ស្កាត់​ការ​ឆ្លង មិន​មែន​ដោយសារ​តែ​យើង​ឆ្លង​មេរោគ​នោះ​ទេ។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet