បែកធ្លាយកាលបរិច្ឆេទបញ្ចេញ Android 12 នៅខែក្រោយ

បរទេស៖ កាលពីសប្ដាហ៍មុន Google បានទម្លាក់ Android 12 Beta 5 សម្រាប់ទូរសព្ទ Pixels។ ក្រុមហ៊ុន Google បង្ហាញថា យើងគួរតែរំពឹងពីការអាប់ឌែតដែលមានស្ថេរភាព នឹងចាប់ផ្ដើមក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ទៀត រាប់ចាប់ពីពេលនេះ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។ ឥឡូវនេះ គេបានរកឃើញភស្ដុតាងដែលចង្អុលបង្ហាញពីអ្វី ដែលអាចជាកាលបរិច្ឆេទចាប់ផ្ដើមនៃការអាប់ឌែតស្ថេរភាព ចំពោះ Android 12 សម្រាប់ទូរសព្ទ Pixels។ នៅពេលនេះ គេបានឃើញការបង្ហោះនៅលើបណ្ដាញសង្គម Twitter បង្ហាញពីឯកសារផ្ទៃក្នុងរបស់ Google ដែលនិយាយលម្អិតពាក់ព័ន្ធនឹងកំណែប្រព័ន្ធប្រតិបត្តិការ រួមមាន Android 10, Android 11 និង Android 12។ បើយោងតាមឯកសារនេះ Google នឹងបញ្ចេញប្រភពកូដសម្រាប់ Android 12 នៅថ្ងៃទី4 ខែតុលា ឆ្នាំ2021។ ហើយប្រភពកូដនេះនឹងបញ្ចេញនៅលើ Android Open Source Project (AOSP) ហើយវាទំនងជាស្របពេលគ្នានឹងការចេញប្រព័ន្ធប្រតិបត្តិការ Android 12 ដែលមានស្ថេរភាព សម្រាប់ទូរសព្ទ Pixels។ ទោះជាយ៉ាងណា កាលបរិច្ឆេទនេះអាចនឹងផ្លាស់ប្ដូរ ដោយសារតែ Google មិនទាន់ប្រកាសជាផ្លូវការនូវកាលបរិច្ឆេទបញ្ចេញ Android 12៕ប្រភព: XDA Developers