ជិតដល់រដូវជួបជុំបងប្អូន ម៉ាក់ប៉ាប្រយ័ត្នប្រយែងសុខភាពកូនៗពីកូវីដ-១៩!

រដូវ​ភ្ជុំ​បិណ្ឌ​ជិត​ឈាន​ចូល​មក​ហើយ ភាគ​ច្រើន​គ្នា​យើង​មួយ​ចំនួន​ច្បាស់​មាន​ការ​ជួប​ជុំ​គ្រួសារ​បន្តិច​បន្តួច បន្ទាប់​ពី​ត្រលប់​មក​ពី​វត្ត​វ៉ា​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ត្រូវ​ភ្លេច​ការពារ​ខ្លួន និង​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង​ពី​ជំងឺ​កូវីដ-១៩ ឬ​វីរុស​បំប្លែង Delta ឡើយ ពិសេស​សុខភាពកូន​តូច​ៗ ព្រោះ​វា​ក៏​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​នេះ មិន​ថា​ជួប​ជុំ​មនុស្ស​តិច ឬ​ច្រើន​ក្ដី។បើ​ប្រៀប​ធៀប​នឹង​មនុស្ស​ធំ រាងកាយ​កូន​ក្មេង​អាច​ទប់​ទល់​នឹង​វីរុស​កូវីដ-១៩ បាន​ល្អ​ជាង ហើយ​សុខភាព​ក្មេង​ក៏​មិន​ងាយ​ទ្រុឌ​ទ្រោម​ដូច​សុខភាព​មនុស្ស​ធំ​ដែរ ក្រោយ​ឆ្លង​វីរុស​កូវីដ-១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រយុទ្ធ​ជំងឺ​ឆ្លង​អាមេរិក (CDC) ។កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ស្រប​គ្នា​នេះ ដើម្បី​ការពារ​សុខភាព​កុមារ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ កម្ពុជា​យើង​បាន​អនុញ្ញាត​ឲ្យក្មេង​ក្រោម​អាយុ១២ ដល់​ក្រោម ១៨ឆ្នាំ ចាក់​វ៉ាក់សាំង​កូវីដ-១៩ តាំង​ពី​ថ្ងៃទី០១ សីហា ២០២១​មក​ម្ល៉េះ។ យ៉ាង​នេះ​ក្ដី អា​អូន​ក្រោម​១២​ឆ្នាំ និង​ក្មេង​ៗ​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​នៅ​តែ​ប្រឈម​ការ​ឆ្លង​ជំងឺ​នេះ ហេតុ​នេះ​ម៉ាក់​ប៉ា​គួរ​តែ​ចេះ​ពី​វិធានការ​ការ​ពារ​សុខភាព​កូន​ៗ​ពី​ការ​ឆ្លង​មេរោគ​កាច​សាហាវ​ដូច​ខាង​ក្រោម៖១. ប្រាកដ​ថា​កូន​ៗ​លាង​ដៃ​បាន​ត្រឹម​ត្រូវ​ជាមួយ​សាប៊ូ នឹង​ទឹក​ស្អាត​ញឹក​ញាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​បើ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត Maria Van Kerkhove បម្រើ​ការ​នៅ​អង្គការ​សុខភាព​ពិភពលោក(WHO) ។២. ម៉ាក់​ប៉ា​អាច​ប្រើ​អាល់កុល​លាង​ដៃ​កូន​បាន ប៉ុន្តែ​បើ​តាម​ការ​លើក​ឡើង​របស់​ American Academy of Pediatrics (AAP) អះអាង​ថា ក្មេង​ៗ​ក្រោម​អាយុ ៥​ឆ្នាំ​មិន​គួរ​ប្រើ​ទេ ព្រោះ​អាច​ពុល យក​ល្អ​លាង​នឹង​សាប៊ូ និងទឹក​ស្អាត​វិញ។៣.​ ដើម្បី​សុខភាពកូន ម៉ាក់ប៉ាគួរបង្រៀន​កូន​ឲ្យ​ចេះ​ប្រើ​កែងដៃ​ខ្ទប់​ច្រមុះ មាត់ ពេល​ក្អក ឬ​កណ្ដាស់៤. បង្រៀន​កូន​ឲ្យ​ចេះ​ពាក់​ម៉ាសបាន​ត្រឹម​ត្រូវ។ ម៉ាស​ត្រូវ​គ្រប​ច្រមុះ មាត់​ឲ្យ​ជិត ពិសេស​មុន​ពេល​ពាក់​ម៉ាស់ ឬ​ប៉ះពាល់​ម៉ាស់​ត្រូវ​ប្រាកដ​ថា ដៃ​ស្អាត។៥. ប្រាប់​កូន​ឲ្យ​ចេះ​រក្សា​គម្លាត​ពី​អ្នក​ដទៃ មិន​ថា​ជា​សមាជិក​គ្រួសារ ឬ​មិត្តភ័ក្ដិ​មក​លេង​ទេ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​យ៉ាង​ហោច​ណាស់ ១ម៉ែត្រកន្លះ​ពី​មនុស្ស​ជុំ​វិញ។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet