ផ្លែ​ឈើ​​៤ មុខ ល្អ​សម្រាប់​ការពារ​ជំងឺ​សន្លាក់ និង​ជំងឺបេះដូង!

គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​ផ្លែ​ឈើ​ជា​ទូទៅ​វា​មាន​រសជាតិ​ផ្អែមពី​ធម្មជាតិ ហើយ​ផ្លែ​ឈើ​នីមួយៗ​មាន​សារធាតុ​ប្រ​ឆាំង​នឹង​អុកស៊ីតកម្ម មានសារ​ធាតុ​សរសៃ សារ​ធាតុ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត។ គ្រប់​ផ្លែ​ឈើ​ទាំង​អស់​ គឺ​សុទ្ធ​តែ​មាន​ប្រយោជន៍​ហើយ​ផ្លែ​ឈើ​ខ្លះ​​អាច​ប្រឆាំង​​​​នឹង​បញ្ហា​ រលាក​សន្លាក់ ជំងឺ​បេះ​ដូង និង​ដាច់​សរសៃ​ឈាម​បេះដូង ជាដើម​។

១.ស្រ្ត័របឺរី

ស្រ្ត័របឺរី​ គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​តិច​បំផុត​ហើយ​មាន​វីតាមីន C ច្រើន​ជាង​ផ្លែ​ក្រូច។ វីតាមីន C អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​សន្លាក់ សម្ពាធ​ឈាម​ និង​បញ្ហា​កូលេស្ដូរ៉ុល។ តាម​ការ​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​មនុស្ស​ស្រី​ដែល​ញាំ​ ស្រ្ត័របឺរី​ ១៦ គ្រាប់ ឬ​ច្រើន​ជាង​នេះ​ក្នុង​​មួយ​សប្ដាហ៍​អាច​បន្ថយការ​ប្រឈម​នឹង​​ការ​រលាក​សន្លាក់​ និង​ជំងឺ​បេះដូង​បាន។

២.ផ្លែ​បឺរ

ផ្លែ​បឺរ​ជា​ប្រភេទ​ផ្លែ​ឈើ​មួយ​ដែល​មាន​កំហាប់​ជាតិ​ខ្លាញ់ Monounsturated ​ប្រឆាំង​នឹង​ការ​រលាក​ខ្ពស់​ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​សារ​ធាតុ carotenoid lutein ផង​ដែរ។ មិន​ដូច​ផ្លែ​ឈើ​ភាគ​ច្រើន ​ផ្លែ​បឺរ​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន E មាន​ឥទ្ធិ​ពល​ប្រឆាំង​នឹង​ការ​រលាក។ របប​អាហារ​ខ្ពស់​នៅ​ក្នុង​សមាស​ធាតុ​ទាំង​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ការ​ខូច​ខាត​សន្លាក់​ដែល​ត្រូវ​បាន​គេ​ឃើញ​នៅ​​ក្នុង​រោគ​សញ្ញា​រលាក​សន្លាក់​ឆ្អឹង។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ការ​ញ៉ាំ​​ផ្លែ​បឺរ​ប្រចាំ​ថ្ងៃ​បង្កើន​កូលេស្តេរ៉ូលល្អ (HDL) និង​បន្ថយ​កូលេស្តេរ៉ូលមិន​ល្អ​(LDL)។

៣.ផ្លែ​ឪឡឹក

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ផ្លែ​ឪឡឹក​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក។ ឪឡឹក​​ក៏​មាន​សារ​ធាតុ carotenoid beta-cryptoxanthin ខ្ពស់​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​បាន​ផង​ដែរ។

៤.ផ្លែ​ទំពាំង​បាយ​ជូរ

ផ្លែ​ទំពាំង​បាយ​ជូរ​ទាំង​ពណ៌​ស ​និង​ពណ៌​ខ្មៅ​ គឺ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ​មាន​ប្រយោជន៍ច្រើន​ដល់​សុខ​ភាព។ គ្នា​យើង​ភាគ​ច្រើន​បាន​ដឹង​ហើយ​ថា​ ផ្លែ​ទំពាំង​បាយ​ជូរ​ក្រហម ​និង​ខ្មៅ​មាន​ផ្ទុក​សារ​ធាតុ Resveratrol ដែល​ជា​សារ​ធាតុ​មាន​នៅ​ក្នុង​ស្រា​ក្រហម​​រួម​ចំណែក​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង​ ហើយ​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​មុខ​ងារ​សរសៃ​ឈាម។សារ​ធាតុ Resveratrol ក៏​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​ការ​រលាក​ផង​ដែរ។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet