ក្លិនមាត់មិនល្អ អាចកើតចេញពីការញ៉ាំអាហារ ៣ប្រភេទនេះ!

គ្នា​យើង​ច្រើន​បាន​ដឹង​ថា​ខ្ទឹមស និង​ខ្ទឹម​បារាំង​អាច​ធ្វើ​ឲ្យ​យើង​មាន​ក្លិន​មាត់​មិន​ល្អ​បាន។ ប៉ុន្តែ​ដឹង​ទេ​ថា​អាហារ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​យើង​មិន​ធ្លាប់​គិត​ដល់​នោះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​ក្លិន​មាត់​មិន​ល្អ​ដែរ​។ តើ​អាហារ​អ្វី​ខ្លះ​ទៅ?

១. សាច់

អ្នក​ជំនាញ​សុខភាព​មាត់​ធ្មេញ​ពន្យល់​ថា​បាក់តេរី​ចូល​ចិត្ត​ប្រូតេអ៊ីន​របស់​សាច់​ណាស់។ នៅ​ពេល​ដែល​បាក់តេរី​បំបែក​ប្រូតេអ៊ីន សមាធាតុ​អាម៉ូញ៉ាក់ ដែល​ធ្វើ​ឲ្យ​មាត់​មាន​ក្លិន​មិន​ល្អ​ ក៏​នឹង​ត្រូវ​បញ្ចេញ​មក​ក្រៅ​ដែរ។ ការណ៍​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​ក្លិន​មាត់​មិន​ល្អ​បាន​។

២. ផលិតផល​ធ្វើ​ពី​ទឹក​ដោះ

ពិត​ណាស់​ថា​ទឹក​ដោះ​គោ​មាន​ប្រយោជន៍​ល្អ​ចំពោះ​រាង​កាយ តែ​ក៏​អាច​ធ្វើ​ឲ្យ​មាត់​យើង​មាន​ក្លិន​មិន​ល្អ​ដែរ​។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​បាក់តេរី​នៅ​ក្នុង​មាត់​យើង​រស់​នៅ​បាន​ដោយ​សារ​អាមីណូ​អាស៊ីដ​ក្នុង​ទឹក​ដោះ​គោ ឬ​ឈីស ដែល​នាំ​ឲ្យ​មាត់​មាន​ក្លិន​អាក្រក់​។​​

៣. កាហ្វេ​

បើ​និយាយ​ដល់​កាហ្វេ​ មនុស្ស​ជាច្រើន​មិន​អាច​អត់​កាហ្វេ​ពេលព្រឹក​បានទេ តែ​ថា​ការ​ផឹក​កាហ្វេ​ក៏​អាច​ធ្វើ​ឲ្យ​មានក្លិន​មាត់​ដែរ​។ កាហ្វេ​មាន​ផ្ទុក​កម្រិត​អាស៊ីដ​ខ្ពស់​ ស្រប​ពេល​ដែល​បាក់តេរី​ក្នុង​មាត់​យើង​​ចូល​ចិត្ត​អាស៊ីដ​ទៀត គឺ​ត្រូវ​គ្នា​តែ​ម្ដង អាស៊ីដ និង​បាក់តេរី​ទាំងនេះ​ធ្វើ​ឲ្យ​មាត់​យើង​មាន​ក្លិន​។ ដូច​គ្នា​ដែរ កាហ្វេ​អាច​ធ្វើ​ឲ្យ​យើង​ស្ងួត​មាត់​ផង​ដែរ ដែល​ការ​ស្ងួត​មាត់​នេះ​ក៏​អាច​ធ្វើ​ឲ្យ​មាត់​យើង​មាន​ក្លិន​មិន​ល្អ​ដែរ​។​​

វិធី​កម្ចាត់​ក្លិន​មាត់​ក្រោយ​ញ៉ាំ​អាហារទាំង​នេះ​

បើ​គ្នា​យើង​សង្កេត​ឃើញ​ថា យើង​មាន​ធុំ​ក្លិន​មាត់​ក្រោយ​ញ៉ាំ​អាហារ​ទាំង​បី​ប្រភេទ​ខាង​លើ យើង​អាច​កម្ចាត់​ក្លិន​មាត់​នេះ​បាន​ដោយ​វិធី​ដុស​សម្អាត​ធ្មេញ ឬ​ប្រើ​ទឹក​ខ្ពុរ​មាត់​ក៏​បាន​​​។ ដូច​គ្នា​ដែរ បើ​យើង​មិន​បាន​ដុស​ធ្មេញ យើង​អាច​ទំពារ​ស្ករ​កៅ​ស៊ូគ្មាន​ជាតិ​ស្ករ​ ដើម្បី​បង្កើន​ទឹក​មាត់​ ដើម្បី​រួ​ម​ចំណែក​កម្ចាត់​ក្លិន​មាត់​មិន​ល្អ។ប៉ុន្តែ​គ្នា​យើង​ត្រូវ​ចាំ​ថា​បើ​បញ្ហា​ក្លិន​មាត់​កើត​មាន​ជា​ប្រចាំ គួរ​ពិភាក្សា​ជាមួយ​ទន្តពេទ្យ ព្រោះ​ថា​នេះ​អាច​មកពី​បញ្ហា​អញ្ចាញ ឬ​បញ្ជា​ជំងឺ​ក្រពះ​ជា​ដើម។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet