Metfone ដាក់ឲ្យប្រើលេខកូដ 1200 សម្រាប់អតិថិជនពិនិត្យនិងផ្ដាច់កញ្ចប់សេវាកម្មដែលមិនត្រូវការ

  • ពុធ ១៥ កញ្ញា, ២០២១ ១៧:២៤
ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់​សេវា​ទូរគមនាគមន៍​និង​ ICT ឈានមុខគេមួយនៅក្នុង​ប្រទេស​កម្ពុជា កាលពីពេលថ្មីៗនេះ បាន​ប្រកាស​ដាក់​ឲ្យ​អតិថិជន​របស់ខ្លួនប្រើប្រាស់​លេខកូដពិសេស *1200# ដើម្បី​អនុញ្ញាតឲ្យ​អតិថិជន​ត្រួតពិនិត្យ​និង​កាត់ផ្ដាច់កញ្ចប់​សេវាកម្មនានាដែល​មិនត្រូវការ នៅក្នុងគណនី​ទូរសព្ទ​របស់​ខ្លួន ។បើ​តាម​ការឲ្យដឹងពី​ក្រុមហ៊ុន​ វិធានការនេះ​​អនុលោម​ទៅតាមការណែនាំរបស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ដែល​បាន​ណែនាំ​ឲ្យ​ប្រតិបត្តិករ​សេវាទូរសព្ទ​ទាំងអស់​នៅកម្ពុជា បង្កើត​និងដាក់​ឲ្យប្រើប្រាស់​នូវ​លេខកូដពិសេស *1200# ដើម្បី​ឲ្យអ្នកប្រើប្រាស់​សេវាទូរសព្ទ​អាចពិនិត្យ​និង​កាត់ផ្ដាច់​នូវ​កញ្ចប់​សេវាកម្ម​នានាដែលពួកគេ​មិនត្រូវការ ។ លោក ញ៉ុង ឌិនថន អគ្គនាយករង​ក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ក្រុមហ៊ុន​មិត្តហ្វូន​បាន​ដាក់​ឲ្យ​អតិថិជន​ប្រើប្រាស់​នូវលេខកូដពិសេស ចំនួន ៣ គឺ *1200#, *1201# និង *1202# ដើម្បីអនុវត្ត​តាម​គោលការណ៍ណែនាំរបស់​និយ័តករ​ទូរគមនាគមន៍កម្ពុជា ។ លោក​បាន​បញ្ជាក់ថា លេខកូដ *1200# គឺសម្រាប់​ឲ្យ​អតិថិជន​ពិនិត្យ​មើល​និង​លុបចោល​នូវកញ្ចប់​សេវាកម្ម​នានា​ដែល​ខ្លួនមិន​ត្រូវការ ចំណែកឯ​លេខកូដ *1201# គឺ​សម្រាប់​ឲ្យអតិថិជន​ពិនិត្យ​មើល​ទឹកប្រាក់​ដែលនៅសល់ក្នុង​គណនី​របស់ខ្លួន និង​លេខ​កូដ *1202# សម្រាប់​ឲ្យ​អតិថិជន​ពិនិត្យ​ព័ត៌មាន​អំពី​ស៊ីមកាតលេខ​ទូរសព្ទ​របស់ពួកគាត់។ និយ័តករ​ទូរគមនាគមន៍​កម្ពុជា (TRC) ដែល​ជា​សេនាធិការរបស់​ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេលកន្លងមក បាន​បង្កើត​លេខកូដពិសេស *1200# និងបាន​ណែនាំ​ឲ្យ​ប្រតិបត្តិករ​ប្រព័ន្ធ​ទូរសព្ទចល័ត​នៅក្នុងស្រុក ដាក់​ឲ្យអតិថិជន​ប្រើប្រាស់​លេខកូដ​ពិសេស​នេះ ដើម្បី​អនុញ្ញាតឲ្យ​ពួកគេ​ពិនិត្យ​និង​លុបចោលនូវ​កញ្ចប់​សេវាកម្ម​ណាដែលពួកគេមិនត្រូវការ ។ ការណែនាំ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពីមាន​ការត្អូញត្អែរ​ពីសំណាក់​អ្នកប្រើប្រាស់​អំពី​ការកាត់ប្រាក់​ថ្លៃសេវានានា​ដោយ​មិន​បាន​ឲ្យ​ពួកគេដឹងមុន​ពីសំណាក់​ប្រតិបត្តិករ​មួយចំនួន ។ បន្ទាប់ពីមានការណែនាំនេះ​ពីនិយ័តករ​ទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន​ មិត្តហ្វូន ដែល​ជា​តួអង្គ​សំខាន់​មួយ​នៅក្នុង​វិស័យទូរគមនាគមន៍​នៅកម្ពុជា បានចាត់វិធានការ​ជាច្រើន​ ក្នុងនោះរួមទាំង​វិធានការដែល​តម្រូវ​ឲ្យ​បុគ្គលិក ភ្នាក់ងារលក់ និង​ដៃគូ​ទាំងអស់​របស់​មិត្តហ្វូន ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មានអតិថិជន​ឲ្យ​បាន​ ១០០% នៅមុនពេល​ធ្វើការលក់ដូរ​ស៊ីមកាត​ ។ គួរបញ្ជាក់ថា មិត្តហ្វូន បានចូលមក​វិនិយោគ​និង​ដំណើរការ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ហើយ​សព្វថ្ងៃ បានក្លាយជាក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការផ្ដល់​សេវាកម្ម​ទូរគមនាគមន៍និង​ ICT នៅក្នុង​ប្រទេស​កម្ពុជា ៕