មហាសេដ្ឋីម្នាក់និងក្រុមរបស់គាត់ បានសាងប្រវត្តិសាស្ត្រ ចំណាយលុយរាប់លានដុល្លារ ទៅទីអវកាស៣ថ្ងៃ ដោយជោគជ័យ

បរទេស៖ ក្រុមអវកាសយានិកក្រៅផ្លូវការចំនួន៤នាក់បានចុះចតដោយជោគជ័យ នៅមហាសមុទ្រអាត្លង់ទិក បន្ទាប់ពីចំណាយរយៈពេល៣ថ្ងៃនៅក្នុងលំហ។ ពួកគាត់គឺជាក្រុមស៊ីវិលដំបូងគេបង្អស់ ដែលបានធ្វើដំណើរជុំវិញគន្លងផែនដី។ ក្រុម Inspiration4 បានចេញដំណើរនៅលើយានក្បាលគ្រាប់របស់ SpaceX ពីរដ្ឋ Florida កាលពីថ្ងៃពុធ ហើយបានមកដល់ឆ្នេរបន្ទាប់ពីម៉ោង១៩:០០ (ម៉ោងក្នុងស្រុក) នៅថ្ងៃសៅរ៍។ ឆ័ត្រយោងចំនួន៤បានបន្ថយល្បឿនយាន មុននឹងចុះចតនៅលើទឹក ដែលជាទីដែលទូករបស់ Space X នៅចាំទទួល។ ក្រុម Inspiration4 ដឹកនាំដោយមហាសេដ្ឋី Jared Isaacman នាយកប្រត្តិបត្តិនៃក្រុមហ៊ុនពាណិជ្ជកម្មជំនួញអេឡិចត្រូនិច Shift4 Payments Inc ដែលជាមេបញ្ជាការនៃបេសកកម្មនេះ។ ការចំណាយរបស់គាត់មិនត្រូវបើកបង្ហាញនោះទេ ប៉ុន្តែទស្សនាវដ្ដី Time បានប៉ាន់ស្មានថា ចំណាយអស់ប្រហែល២០០លានដុល្លារ ទៅឲ្យលោក Elon Musk ដើម្បីរៀបចំកៅអីចំនួន៤ នៅលើយាន Crew Dragon។ លោក Isaacman បានទៅជាមួយមនុស្សចំនួន៣នាក់ទៀត ដែលគាត់បានជ្រើសរើស។ ប្រព័ន្ធកុំព្យូទ័របានគ្រប់គ្រងយាន Dragon កំឡុងពេលធ្វើដំណើរ ដែលត្រូវបានត្រួតពិនិត្យដោយក្រុម SpaceX នៅលើដី។ យាន Dragon មិនមានគម្រោងទៅជិតស្ថានីយអវកាសអន្តរជាតិនោះទេ ផ្ទុយទៅវិញវាបានហោះហើរដោយសេរី ទៅកាន់រយៈកម្ពស់៥៧៥គីឡូម៉ែត្រ៕
លោកJared Isaacman (នៅខាងឆ្វេង) និងសមាជិកក្រុមផ្សេងទៀត
ការចុះចតនៅលើមហាសមុទ្រអាត្លង់ទិក
ប្រភព: BBC